ដោយៈសុខុម
បាងកក: ប្រភពបានទម្លាយឱ្យដឹងថា Bank of Ayudhya (BAY) ដែលជាធនាគារធំបំផុទី៥របស់ប្រទេសថៃ បើគិតពីទំហំទ្រព្យសកម្ម កំពុងរៀបគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយនឹងបង្កើនប្រាក់ចំណេញ ពីបរទេសឱ្យបាន១០ភាគរយនៅត្រឹមឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
លោក Pairote Cheunkrut ដែលជានាយកប្រតិបត្តិជាន់ខ្ពស់មួយរូបនៃធនាគារខាងលើនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃច័ន្ទ ទី១៣ កញ្ញា ថា “យើងនឹងប្រើប្រាស់ភាពខ្លាំងរបស់យើង ដើម្បីបង្កើតអាជីវកម្មថ្មី ធ្វើពិពិធកម្ម និងកសាងភាពធន់ទ្រាំ”។
បច្ចុប្បន្នប្រហែល៤% នៃប្រាក់ចំណេញរបស់ធនាគារដ៏ធំមួយនេះ បានមកពីខាងក្រៅប្រទេសថៃ។ ហើយការប្រកាសនេះធ្វើឡើង នៅពេលដែលធនាគារ និងក្រុមហ៊ុននានារបស់ថៃ សម្រុកពង្រីកអាជីវកម្មនៅបរទេស។
កាលពីខែសីហា ធនាគារ Bank of Ayudhya (BAY) បានប្រកាសថា ខ្លួននឹងទិញយកធនាគារវៀតណាម SHB Finance ក្នុងតម្លៃ១១៥លានដុល្លារអាមេរិក។
-->
នៅឆ្នាំ២០១៩ ធនាគារ Bangkok Bank ដែលជាគូប្រជែងរបស់ខ្លួនបានទិញយកធនាគារឥណ្ឌូនេស៊ី PT Bank Permata ក្នុងតម្លៃប្រហែល២,៧ពាន់លានដុល្លារ។
លោក Pairote Cheunkrut បានលើកឡើងថា “យើងនឹងចាប់ផ្តើមជាមួយទីផ្សារលក់រាយដែលជាភាពខ្លាំងរបស់យើង ហើយបន្ទាប់មកនឹងឈាន ទៅផ្នែកពាណិជ្ជកម្ម ប្រសិនបើមានឱកាសល្អ”។
លោកបានបញ្ជាក់ថា នេះជាគំរូ (Model) ដែលធនាគារBank of Ayudhya (BAY) បានប្រើប្រាស់នៅប្រទេសកម្ពុជា ដែលជាទីផ្សារក្រៅប្រទេសធំបំផុតរបស់ខ្លួន នៅពេលដែលធនាគារនេះ បានទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ក្នុងឆ្នាំ២០១៦។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ទទួលបានការការអនុម័តកាលពីឆ្នាំមុនដោយក្លាយជាធនាគារពាណិជ្ជ ហើយត្រូវបានប្តូរឈ្មោះទៅជាធនាគារហត្ថា។
លោក Pairote Cheunkrut បានថ្លែងថា អត្ថប្រយោជន៍របស់ធនាគារ Bank of Ayudhya (BAY) ទទួលបានពីបណ្ដាញទូទាំងពិភពលោករបស់ខ្លួន និងផលិតផលនានានៃក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុជប៉ុន Mitsubishi UFJ Financial Group ដែលជាក្រុមហ៊ុនមេរបស់ខ្លួន។ ក្រុមសេវាកម្មហិរញ្ញវត្ថុជប៉ុន មួយនេះកាន់កាប់ភាគហ៊ុន៧៦,៩%នៅក្នុងធនាគារ Bank of Ayudhya (BAY)។
លោក Pairote Cheunkrut បានបញ្ជាក់ថា “កិច្ចការចុងក្រោយរបស់យើងគឺការឈានជើងចូលទីផ្សារ ក្នុងប្រទេសជាសមាជិកទាំងអស់របស់អាស៊ាន”។

បច្ចុប្បន្នធនាគារ Bank of Ayudhya (BAY) មានវត្តមាននៅក្នុងប្រទេសចំនួន៥ រួមមានទាំងនៅប្រទេសហ្វីលីពីន ប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ ផងដែរ៕ CAN៕