ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ សេចក្តីព្រាងច្បាប់ធំៗចំនួនបី ដែលជាការបើកផ្លូវសម្រាប់ជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា ត្រូវបានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តឡើង ការពារជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា។
ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ សេចក្តីព្រាងច្បាប់ធំៗចំនួនបី ដែលជាការបើកផ្លូវសម្រាប់ជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា ត្រូវបានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តឡើង ការពារជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ ការពារសេចក្តីព្រាងច្បាប់ចំនួន ៣រួមមាន ទី១ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ទី២ សេចក្តីព្រាងស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងទី៣ សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង តាមប្រព័ន្ធវីដេអូ ជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា ដឹកនាំដោយលោកគង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា។
ក្នុងនាមតំណាងរាជរដ្ឋាភិបាល លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងបានជម្រាបអង្គប្រជុំអំពីខ្លឹមសារសំខាន់ៗ ព្រមទាំងអត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបាន នៅពេលកិច្ចព្រមព្រៀងនិងច្បាប់ទាំងនេះចូលជាធរមាន និងបានឆ្លើយសំណួរស្វែងយល់បន្ថែម របស់គណៈកម្មការព្រឹទ្ធសភាយ៉ាងក្បោះក្បាយ។
លោកប៉ាន សូរស័ក្ត បានជម្រាបអង្គប្រជុំពីកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាងច្បាប់ និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្ម សំដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច ក៏ដូចជាការធ្វើពិពិធកម្មទីផ្សារ និងស្វែងរកទីផ្សារបន្ថែម តាមរយៈការចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ ដើម្បីជំរុញការនាំចេញ ស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាលទ្ធផល បន្ទាប់ពីជជែកពិភាក្សាយ៉ាងផុសផុលរួចមក គណៈកម្មការទី៩នៃព្រឹទ្ធសភាបានអនុម័តយល់ព្រមទាំងស្រុង ដាក់សេចក្តីព្រាងច្បាប់ខាងលើ ដាក់ចូលក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាពេលខាងមុខ ដើម្បីស្នើសុំការអនុម័តយល់ព្រម។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា- រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមទាំងស្រុង ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១រួចហើយ៕