ដោយៈសុខុម
ហ្សាការតា: ក្រុមហ៊ុនកូរ៉េខាងត្បូង LG Energy Solution និង Hyundai Motor Group បានចាប់ផ្ដើមដំណើរការសាងសង់ រោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) តម្លៃ១,១ពាន់លានដុល្លារអាមេរិក នៅប្រទេសឥណ្ឌូនេស៊ី ហើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី១៥ កញ្ញា នេះ។

-->
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានថ្លែងតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធ នេះថា រោងចក្រនេះ ជារោងចក្រផលិតអាគុយរថយន្តអគ្គិសនី ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ហើយវាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការប្រើប្រាស់ធនធានរ៉ែនីកែល (Nickel) របស់ខ្លួនដើម្បីអភិវឌ្ឍឧស្សាហកម្មរ៉ែ។
លោក ចូកូ វីដូដូ បានថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រនេះថា “ឥណ្ឌូនេស៊ី មានរ៉ែនីកែល (Nickel) បម្រុងច្រើនបំផុតក្នុងពិភពលោក ហើយជាមួយនឹងសក្តានុពលនេះ ខ្ញុំជឿជាក់ថា ក្នុងរយៈពេលពី៣ទៅ៤ឆ្នាំខាងមុខ ឥណ្ឌូនេស៊ី នឹងក្លាយជាអ្នកផលិតដ៏ធំនូវផលិតផល ដែលផ្អែកលើរ៉ែនីកែលដូចជាអាគុយជាដើម ប្រសិនបើមានការគ្រប់គ្រងបានល្អ”។
យោងតាមរដ្ឋមន្ត្រីវិនិយោគឥណ្ឌូនេស៊ី លោក Bahlil Lahadalia ឱ្យដឹងថា រោងចក្រផលិតអាគុយនៅខេត្តជ្វាខាងលិច (West Java) នេះគឺជាផ្នែកមួយនៃផែនការវិនិយោគ ក្នុងទំហំទឹកប្រាក់៩,៨ពាន់លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុន LG Energy Solution។
លោក Jong-hyun Kim អគ្គនាយកក្រុមហ៊ុន LG Energy Solution ដែលជាបុត្រសម្ព័ន្ធកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន LG Chem Ltd បានលើកឡើងថា អាគុយនឹងត្រូវផលិតដោយប្រើបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន ហើយអាគុយទាំងនោះនឹងត្រូវដំឡើងក្នុងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន Kia Motors Corp។

ក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution បានចេញសេចក្តីថ្លែងការណ៍រួមថា ការសាងសង់រោងចក្រនេះ នឹងបញ្ចប់ជាស្ថាពរនៅឆមាសទី១ ដើមឆ្នាំ២០២៣ ហើយបានបញ្ជាក់ថា ការផលិតអាគុយទ្រង់ទ្រាយធំ នឹងចាប់ផ្ដើមនៅឆមាសទី១ ដើមឆ្នាំ២០២៤។
នៅពេលដំណើរការពេញលេញ តាមការរំពឹងទុករោងចក្រនេះ នឹងផលិតអាគុយបានកម្លាំង១០ជីហ្គាវ៉ាត់ម៉ោង (GWh) ដែលគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់រថយន្តអគ្គិសនីបានជាង១៥០.០០០គ្រឿង។
សេចក្តីថ្លែងការណ៍រួមដដែលបានបញ្ជាក់ថា រោងចក្រនេះនឹងត្រៀមខ្លួនបង្កើនសមត្ថភាពផលិតអាគុយ ឱ្យបានកម្លាំង៣០ជីហ្គាវ៉ាត់ម៉ោង (GWh) ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការនាពេលអនាគត។
ក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution រំពឹងថានឹងអភិវឌ្ឍឧស្សាហកម្មផលិតអាគុយ នៅប្រទេសឥណ្ឌូនេស៊ី ឱ្យកាន់តែរីកចម្រើន ព្រមទាំងសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី និងស្ថានីយសាកថាមពលអាគុយផងដែរ៕ Reuters៕