ដោយ៖ សុជាតា
ភ្នំពេញ៖ បច្ចុប្បន្ននេះគេសង្កេតឃើញថាគម្រោងអភិវឌ្ឍន៍មួយចំនួនរបស់រដ្ឋនិងឯកជនបានបង្វែទិសដៅទៅកាន់ទឹកដីនៃខេត្តកណ្ដាលខេត្ត ហើយបានជំរុញឱ្យសក្ដានុពលវិនិយោគ និងតម្លៃដីមានហាងឆេងមួយកម្រិតទៀត ។
នេះបើតាមការលើកឡើងរបស់អ្នកជំនាញអចលនវត្ថុកម្ពុជាជាច្រើន ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក ច្រឹក សុខនីមបានឱ្យដឹងថា ភូមិសាស្រ្តដែលមានការរីកចម្រើនខ្លាំងនៅក្នុងខេត្តកណ្តាលមានច្រើន ដូចជា ស្រុកពញាឮ នៅទិសខាងកើត ខាងជើង និងខាងលិចក្រុង ដែលវិសាលភាពត្រូវបានលាតសន្ធឹងរហូតដល់តំបន់ភ្នំរាប ភ្នំបាសិទ្ឋ តំបន់ផ្លូវ ៥១ តំបន់ផ្លូវ៤៤ ។
ដោយឡែកចំពោះតំបន់ ដែលស្ថិតទិសខាងត្បូងរាជធានីភ្នំពេញ ក៏មានសក្ដានុពលខ្លាំងផងដែរ ជាពិសេសតំបន់នៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលលាតសន្ធឹងរហូតដល់ស្រុកស្អាង និងទើបតែកាត់ចូលចំណុះក្រុងតាខ្មៅចំនួន៤សង្កាត់ ដែលកំពុងតែមានគម្រោងអភិវឌ្ឍជាច្រើន ជាពិសេសគម្រោងអភិវឌ្ឍសំណង់លំនៅដ្ឋានតែម្ដង។
លោកបន្តថា ខេត្តកណ្តាល មានអំណោយផលជាច្រើនដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចជា មានតំបន់សេដ្ឋកិច្ចពិសេស មានផ្លូវក្រវ៉ាត់ក្រុងទី៣ មានផែស្ងួត មានរោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រណីត និងលំនៅដ្ឋានតម្លៃមធ្យមជាដើម។ ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគម្រោងសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មីមួយទៀត ដែលមានវិសាលភាពលើផ្ទៃដី ២៤០០ ហិចតា ដែលធ្វើអោយខេត្តនេះ មានសក្ដានុពលកាន់ខ្លាំងជាងមុនទ្វេរដង និងជំរុញឱ្យតម្លៃដីនៅក្នុងខេត្តមួយនេះឡើងកាន់ខ្ពស់ ។
លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានប្រាប់ property area asia នៅថ្ងៃទី ១៥ ខែកញ៉ា ថាតម្លៃដីធ្លីនៅខេត្តកណ្តាលបានប្រែប្រួល៣៦០ ដឺក្រេ ដោយសារតែគម្រោងធំៗរបស់រដ្ឋាភិបាល និង វិស័យឯកជន។ តម្លៃដីធ្លីបានប្រែប្រួលពី ២០រហូតដល់ ១០០ដងក៏មានដែរ អាស្រ័យទៅលើទីតាំង និង តំបន់ដែលមានសក្តានុពល។
ជាក់ស្តែង កាលពីមុនតម្លៃដីធ្លីនៅតាមមាត់បឹង មានត្រឹមតែ ១ ដុល្លារក្នុងមួយម៉ែត្រការ៉េ បានកើនឡើង ១០០ ដុល្លារក្នុងមួយម៉ែត្រក៏មាន ដោយសារតែគម្រោងអភិវឌ្ឍទីក្រុងព្រលានយន្តហោះថ្មីនេះ។ លោកបន្ថែមទៀតថា ទោះបីជាវិបត្តិកូវីត ១៩ ក៏ដោយ ប៉ុន្តែខេត្តកណ្តាលនៅតែស្រូបទាញអ្នកវិនិយោគធំៗ ដែលធ្វើអោយតម្លៃដីនៅតែបន្តកើនឡើង ។
ក្រៅពីគម្រោងអភិវឌ្ឍលំនៅដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស ហេដ្ឋរចនសម្ពន្ធ ខេត្តកណ្តាលបានស្រូបទាញរោងចក្រផលិតស្រាបៀរដ៏ធំមួយ បន្ថែមទៀត កាលពីពេលថ្មីៗ ៕