ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ប្រទេសចិនកំពុងបញ្ឈប់ការផ្តល់មូលនិធិ សម្រាប់គម្រោងបង្កើតថាមពលអគ្គិសនី មកពីធ្យូងថ្មបណ្តើរៗហើយ។
លោកបានមានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាកាលពីថ្ងៃទី១៥ កញ្ញាកន្លងមកនេះ។
លោកសាយ សំអាល់បានបន្តថា បច្ចុប្បន្នពិភពលោកកំពុងតែផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលស្អាត ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពនៃប្រភពថាមពលផងដែរ។ ទាក់ទងនឹងជំហររបស់កម្ពុជាសម្រាប់ COP26។
លោកបន្តថា “យើងកំពុងរៀបចំជំហរកម្ពុជា ដើម្បីសុំគោលការណ៍សម្រេចពីសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន និងសង្ឃឹមថានឹងបញ្ចប់នៅមុន COP26។
លោករដ្ឋមន្ត្រីបានលើកថា “សុខសន្តិភាព និងស្ថេរភាពនយោបាយ ជាកត្តាសំខាន់ដែលធ្វើឲ្យកម្ពុជា មានឱកាសគិតគូរអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម”។លោកបញ្ជាក់ថា “បេសកកម្មសំខាន់របស់ក្រសួងបរិស្ថានផ្តោតលើ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់ដោយចីរភាព។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានរៀបចំ ផែនការជាយុទ្ធសាស្រ្ត សម្រាប់រយៈពេលវែងស្តីពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច”។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបរិស្ថាន និងលោក Pablo Kang បាន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន រវាងប្រទេសទាំង២ ជាពិសេសការផលិតថាមពល និងការគ្រប់គ្រងធនធានទឹក និងការកំណត់ជំហររបស់កម្ពុជា សម្រាប់កិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (COP26)។
លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងបន្ថែមអំពីកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសតាមដងទន្លេមេគង្គ ដោយផ្តោតសំខាន់លើការបង្កាត់ពូជស្រូវ ដែលបញ្ចេញកាបូនតិច ការបង្កាត់ពូជត្រី ប្រព័ន្ធធារាសាស្រ្ត គ្រោះទឹកជំនន់ និងយន្តការបន្ថយការបំពុលប្លាស្ទីកនៅក្នុងសមុទ្រ។
បន្ថែមលើសពីនេះ លោកឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការរៀបចំឯកសារ គោលនយោបាយ និងសេចក្តីប្រកាសពាក់ព័ន្ធ សម្រាប់ត្រៀមសន្និសីទលើកទី២៦ នៃភាគីអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕