អារ៉ាប់រួមអេមីរ៉ាត បោះទុនវិនិយោគរហូតដល់ទៅ១៤ពាន់លានដុល្លារនៅអង់គ្លេស ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច

0

ដោយៈសុខុម

អន្តរជាតិៈ ប្រទេសអារ៉ាប់រួមអេមីរ៉ាត នឹងបោះទុនវិនិយោគរហូតដល់ទៅ១៤ពាន់លានដុល្លារ នៅប្រទេសអង់គ្លេស ក្នុងរយៈពេល៥ឆ្នាំខាងមុខ ខណៈប្រទេសនេះកំពុងព្យាយាម ធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនឱ្យហួសពីវិស័យប្រេង។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី១៦ កញ្ញា។

ការិយាល័យវិនិយោគ (Office for Investment) របស់អង់គ្លេស និងមូលនិធិវិនិយោគ Mubadala នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត បានប្រកាសពីគម្រោងវិនិយោគមហាសាលនេះ តាមរយៈសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយលើកឡើងថា ការវិនិយោគនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ពលរដ្ឋក្នុងប្រទេសទាំង២ ព្រមទាំងបង្កើនការវិនិយោគលើបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលកកើតឡើងវិញផងដែរ។

ប្រទេសអារ៉ាប់រួមអេមីរ៉ាត បានបោះទុនវិនិយោគចំនួន១,៥ពាន់លានដុល្លារ ចូលក្នុងសេដ្ឋកិច្ចអង់គ្លេស រួចមកហើយចាប់តាំងពី “កិច្ចព្រមព្រៀងភាពជាដៃគូវិនិយោគ” រវាងប្រទេសទាំង២ ត្រូវបានបង្កើតឡើងកាលពីខែមីនា ដើមឆ្នាំនេះ។

លោក Khaldoon Al Mubarak នាយកប្រតិបត្តិមូលនិធិវិនិយោគ Mubadala បានថ្លែងថា “ការពង្រីកភាពជាដៃគូវិនិយោគរបស់យើងនៅថ្ងៃនេះ នឹងជួយពន្លឿនការផ្តល់ហិរញ្ញប្បទាន និងនវានុវត្តន៍ថ្មីក្នុងវិស័យសំខាន់ៗ ដែលមានសារៈសំខាន់សម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង២”។លោកបន្ថែមទៀតថា “យើងកំពុងអភិវឌ្ឍអន្តរកាលថាមពលប្រកបដោយមហិច្ឆតា និងកម្មវិធីវិនិយោគលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធដែលជួយបង្កើតការងារ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសយើងទាំង២”។

កិច្ចព្រមព្រៀងនេះ នឹងពង្រឹងផែនការរយៈពេល១០ឆ្នាំ របស់អារ៉ាប់រួមអេមីរ៉ាត ដែលត្រូវបានបង្ហាញកាលពីដើមខែនេះ ដើម្បីបង្កើនទំហំសេដ្ឋកិច្ចរបស់ខ្លួនទ្វេដង និងដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ឱ្យបានចំនួន១៥០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០។ ប្រទេសផលិតប្រេង និងឧស្ម័នហ្គែសដ៏ធំមួយនេះ ចង់បង្កើនការនាំចេញរួមទាំងទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសចិន ផងដែរ ហើយទាក់ទាញជនបរទេសដែលមានទេពកោសល្យ តាមរយៈការបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការ។

ក្រោមកិច្ចព្រមព្រៀងនេះជាមួយអង់គ្លេស ការវិនិយោគនានានឹងត្រូវផ្តល់អាទិភាពដោយផ្អែកលើសក្តានុពល នៃគម្រោងទាំងនោះ ដើម្បីជួយគាំទ្រដល់ការបង្កើតការងារក្នុងប្រទេសទាំង២ ពង្រឹងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្នាក់ជាតិ ក៏ដូចជារឹតចំណងទំនាក់ទំនងសេដ្ឋកិច្ចផងដែរ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here