ដោយៈសុខុម
តូក្យូ: ការស្ទង់មតិប្រចាំឆ្នាំបង្ហាញថា តម្លៃដីធ្លីនៅប្រទេសជប៉ុន បានបន្តធ្លាក់ចុះ២ឆ្នាំជាប់ៗគ្នា នៅពេលការបិទព្រំដែន និងការដាក់ប្រទេសនេះក្នុងគ្រាអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ដល់តម្រូវការសាងសង់ភោជនីយដ្ឋាន និងសណ្ឋាគារថ្មីៗ។
ទោះជាយ៉ាងណា តម្លៃដីធ្លីក្នុងតំបន់ឧស្សាហកម្ម បានហក់ឡើង៤ឆ្នាំជាប់ៗគ្នាដោយសារការកើនឡើង តម្រូវការឃ្លាំងស្តុកទំនិញគ្រឿងអេឡិចត្រូនិក និងទំនិញផ្សេងៗទៀត។
ការស្ទង់មតិរបស់ក្រសួងដែនដីជប៉ុន ដែលបានធ្វើឡើងនៅកន្លែងខុសៗគ្នាចំនួន២១.៤៣០ទីតាំង ទូទាំងប្រទេសបានបង្ហាញកាលពីថ្ងៃទី២១ កញ្ញា ថា តម្លៃអចលនទ្រព្យនៅក្នុងសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកមួយនេះ បានធ្លាក់ចុះ០,៤%នៅក្នុងឆ្នាំនេះគិតត្រឹមខែកក្កដា បន្ទាប់ពីធ្លាក់ចុះ០,៦%កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៣ឆ្នាំ។
ការស្ទង់មតិដដែលបង្ហាញថា តម្លៃដីលំនៅដ្ឋានដែលបានធ្លាក់ចុះជិត៣ទសវត្សរ៍ដោយសារប្រទេស ដែលមានប្រជាជនកាន់តែតិចទៅៗ បានធ្លាក់ចុះ០.៥%នៅឆ្នាំនេះ ក្រោយពីធ្លាក់ចុះ០.៧%កាលពីឆ្នាំមុន។
ការធ្លាក់ចុះនេះ ផ្ទុយគ្នាស្រឡះពីប្រទេសឧស្សាហកម្មជាច្រើនផ្សេងទៀត ដែលតម្លៃអចលនទ្រព្យបានហក់ឡើងខ្ពស់ខ្លាំង។ តួយ៉ាងដូចនៅប្រទេសអូស្ត្រាលី ជាដើម តម្លៃផ្ទះ បានហក់ឡើងខ្ពស់រហូតដល់៦,៧%ក្នុងខែមេសា ដល់ខែមិថុនា បើទោះបីជាទទួលបានកំណើនសេដ្ឋកិច្ចទាបក្ដី។
តម្លៃអចលនទ្រព្យប្រភេទពាណិជ្ជកម្ម នៅប្រទេសជប៉ុន បានធ្លាក់ចុះ០.៥% បើធៀបនឹងការធ្លាក់ចុះ០.៣%កាលពីឆ្នាំមុន នៅពេលការរីករាលដាលវីរុសកូវីដ-១៩ បានបង្ខំឱ្យប្រទេសនេះបិទព្រំដែនរបស់ខ្លួន មិនឱ្យភ្ញៀវទេសចរបរទេសចូល និងរឹតបន្តឹងលើសកម្មភាពសេដ្ឋកិច្ច។
ការស្ទង់មតិនេះបង្ហាញថា នៅអូសាកា ដែលជាក្រុងធំបំផុតទី២ របស់ជប៉ុន និងគោលដៅទេសចរណ៍ពេញនិយមបំផុតនានា ក្នុងទីក្រុងនេះបានធ្លាក់ចុះ០,៦% ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៩ឆ្នាំ។
ផ្ទុយមកវិញ តម្លៃដីឧស្សាហកម្ម ដែលភាគច្រើនត្រូវបានប្រើប្រាស់ ដោយរោងចក្រ និងឃ្លាំងស្តុកទំនិញ បានហក់ឡើង០.៨%ទូទាំងប្រទេស បើធៀបនឹងឆ្នាំមុន ដែលនេះឆ្លុះបញ្ចាំងពីតម្រូវការទំនិញកើនឡើងខ្លាំង។
ក្រុមហ៊ុន E-commerce ខ្នាតយក្ស២ គឺក្រុមហ៊ុន Rakuten និងក្រុមហ៊ុន Amazon កាលពីដើមឆ្នាំនេះ បានប្រកាសផែនការបើកដំណើរការ មជ្ឈមណ្ឌលចែកចាយទំនិញជាច្រើនកន្លែងក្នុងប្រទេសជប៉ុន ខណៈសេវាកម្មដឹកជញ្ជូន បន្តកើនឡើងអំឡុងវិបត្តិកូវីដ-១៩៕ Reuters៕