ដោយៈ សិរី ជេស៊ីកា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានពិភាក្សារួមគ្នា លើផែនការកញ្ចប់ថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ឋនៅឆ្នាំ២០២២ខាងមុខនេះ។
កិច្ចប្រជុំនេះដឹកនាំ ដោយរដ្ឋលេខាធិការលោកសួង ហេង ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងជួបពិភាក្សាការងារ ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើការត្រៀមកញ្ចប់ថវិកាសម្រាប់គម្រោងផែនកា រសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឆ្នាំ២០២២។
កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ លោកអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស លោកអគ្គនាយកនៃអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធផងដែរ។
បើតាមលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០២២នេះ ក្រសួងបានដាក់ចេញគំរោងអាទិភាពលើការស្ថាបនា និងកែលំះរផ្លូវជាតិសំខាន់ៗមួយចំនូនរួមមាន ការពង្រីកផ្លូវជាតិលេខ៦ ពីស្គន់ទៅក្រុងកំពង់ចាម ពីពីរគន្លងទៅ៤គន្លង ដោយមានសួនច្បារនៅចំកណ្តាល គំរោងកែលំអរ និងពង្រីកផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ជាដើម។
ជាមួយគ្នានេះ ក្រសួងគ្រោងនឹងចាប់ផ្តើមស្ថាបនា ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ដើម្បីតភ្ជាប់ជាមួយផ្លូវជាតិ ដែលតភ្ជាប់ទៅកាន់ខេត្តកំពង់ធំផងដែរ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជាទទួលបានជំនួយជាស្ពានពីមិត្តចិនចំនួន៧ហើយ និងកំពុងស្នើសុំហិរញ្ញប្បទានសម្រាប់ស្ពានទី៨ ដែលនឹងសាងសង់នាពេលខាងមុខ៕