ដំណឹងល្អៈ ក្រុមហ៊ុនចិនស្នើសុំវិនិយោគលើសេវាដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈជាលើកដំបូងនៅក្រុងព្រះសីហនុ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកវិនិយោគចិនបានស្នើសុំចង់វិនិយោគ បង្កើតសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងនៅក្រុងព្រះសីហនុ ខណៈរដ្ឋបាលខេត្តគាំទ្រពេញទំហឹង ដោយស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យល្អិតល្អន់បន្ថែម មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀង។

សំណើនេះ ត្រូវបានធ្វើឡើងក្នុងជំនួប រវាងលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាមួយអ្នកវិនិយោគចិន នាថ្ងៃទី២២ ខែកញ្ញា កន្លងទៅ។

តំណាងអ្នកវិនិយោគចិនបានលើកឡើងថា ដោយមើលឃើញពីសន្ទុះនៃការអភិ​វ ឌ្ឍរបស់ខេត្តព្រះសីហនុ ទើបក្រុមអ្នកវិនិយោគចិន ចង់វិនិយោគបង្កើតសេវាដឹកជញ្ជូនតាមរថយន្តក្រុងនេះឡើង។

សម្រាប់ដំណាក់កាលដំបូង អាចនឹងរថយន្តក្រុងចំនួន៣០គ្រឿង ដោយគ្រោងដាក់ឱ្យដំណើរការរត់លើខ្សែផ្លូវសំខាន់ៗ មួយចំនួនក្នុងក្រុងព្រះសីហនុ។

អភិបាលខេត្តព្រះសីហនុ បានបង្ហាញការគាំទ្រ ប៉ុន្តែក៏បានស្នើទៅក្រុមអ្នកវិនិយោគចិន ឱ្យសិក្សាតម្លៃសេដ្ឋកិច្ចឱ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចុះកិច្ចព្រមព្រៀងវិនិយោគ។

លោកបន្តថា “យើងចង់បានសេវាដឹកជញ្ជូនសាធារណៈ ដើម្បីចូលរួមជួយសម្រួលការធ្វើដំណើរ កាត់បន្ថយពេលវេលា និងចំណេញថវិកា”។ លោកបនុ្តថា “ហេតុនេះអ្នកវិនិយោគ ត្រូវសិក្សាពីប្រភពសេដ្ឋកិច្ច ខ្សែរត់ ការធ្វើចំណតរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ដំណើរការវិនិយោគ លើសេវាកម្មដឹកជញ្ជូនឱ្យបានទូលំទូលាយ”។

លោកគួច ចំរើនបានបន្តថា ម្យ៉ាងទៀត ក្រុមហ៊ុនត្រូវរកអ្នកជំនាញសិក្សាគម្រោង និងធ្វើបទបង្ហាញ ដើម្បីធានាការបោះទុនវិនិយោគ លើសេវាដឹកជញ្ជូននៅក្នុងក្រុងព្រះសីហនុ ដើម្បីសម្រេចជោគជ័យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here