ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានប្រៀបប្រដូចកម្ពុជា នឹង “អេប៉ុង”ដែលមិនទាន់ជ្រាបទឹកពេញ និងមានលទ្ឋភាពទាក់ទាញ ក្រុមហ៊ុនផ្សារទំនើបលំដាប់អន្តរជាតិ ក៏ដួចជាក្រុមហ៊ុនអន្តរជាតិជាច្រើនទៀតមកវិនិយោគនៅកម្ពុជា។
លោក Sunny Soo អគ្គនាយកក្រុមហ៊ុន MRICS MISM បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការវិនិយោគពីក្រុមហ៊ុនអន្តរជាតិធំៗ មិនទាន់លើសតម្រូវការនៅឡើយ ព្រោះផ្សារទំនើបនិមួយៗ ផ្តោតលើការចាប់យកចំណែកអតិថិជនរៀងៗខ្លួន ក្នុងរង្វង់៥គីឡូម៉ែត្រ ឬអាចលើសពីនេះ ប៉ុន្តែផ្សារទំនើបលំដាប់ក្រុមហ៊ុនអន្តរជាតិអាចទាក់ទាញអតិថិជនពីចម្ងាយបាន អាស្រ័យលើអ្វីដែលជាភាពយូនីករបស់ពួកគេ។
លោកបន្តថា “កម្ពុជានៅមានលទ្ឋភាពទាក់ទាញ ក្រុមហ៊ុនអន្តរជាតិជាច្រើនទៀត ខណៈវត្តមានក្រុមហ៊ុនលំដាប់អន្តរជាតិបានន និងកំពុងចូលមកកម្ពុជាជាបន្តបន្ទាប់និងចូលមកកាន់តែច្រើនទៀតនាពេលអនាគត”។
លោក Sunny Soo បានបន្តថា ការសម្រេចបានជោគជ័យរបស់ផ្សារទំនើបមួយ អាស្រ័យលើទស្សនទាននៃការអភិវឌ្ឍន៍ ការឌីសាញអគារ ការបំពេញនូវតម្រូវការតាមការចង់បានរបស់អតិថិជន និងការបង្កើតភាពទាក់ទាញប្លែកគេ របស់គំរោងណាមួយ ពិសេសទំនាក់ទំនងល្អជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិផងដែរ។
បច្ចុប្បន្នក្រុមហ៊ុន Big C, 7-Eleven ក្រុមហ៊ុនផ្សារទំនើបលំដាប់អន្តរជាតិ IKEA និងក្រុមហ៊ុនមានមូលដ្ឋាន នៅប្រទេសថៃមួយចំនួនទៀតបានចូល និងត្រៀមចូលមកកាន់ទីផ្សារកម្ពុជានាពេលខាងមុខ។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ការចូលមកកាន់កម្ពុជា ពីសំណាក់ក្រុមហ៊ុនអន្តរជាតិនានា ពិសេសក្រុមហ៊ុនលក់រាយនៅទីក្រុងភ្នំពេញ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជារឿងដែលដើរស្របគ្នានឹងការរីកចម្រើននៃសេដ្ឋកិច្ច សង្គមកម្ពុជា។
លោកបន្តថា “ប្រជាជនកម្ពុជាកាន់តែមានភាពស៊ីវិល័យ កាន់តែស្គាល់នូវបែបផែនជីវិតថ្មី ស្របពេលចំណួលរបស់ពួកគេបានកើនឡើង ដែលធ្វើឲ្យពួកគេចំណាយប្រាក់កាន់តែច្រើនលើជីវភាព និងស្តង់ដាជីវិតប្រចាំថ្ងៃ”។ លោកបន្ថែមថា “កត្តាសុខសន្តិភាព និងស្ថេរភាពសង្គមរយៈពេលវែង និងចក្ខុវិស័យដ៏ច្បាស់លាស់ របស់ប្រមុខរដ្ឋាភិបាល ដែលបានរៀបចំច្បាប់ បទដ្ឋានគតិយុត្តិនានា ដើម្បីលើកទឹកចិត្តការវិនិយោគ បានធ្វើឲ្យកម្ពុជាកាន់តែលេចត្រដែតលើឆាកអន្តរជាតិ”។
លោកបន្តថា ជាមួយគ្នានេះ ការរីកចម្រើននៃទីផ្សារលក់រាយនៅទីក្រុងភ្នំពេញ នឹងទាក់ទាញក្រុមហ៊ុនថ្មីៗ ជាច្រើនទៀតមកកាន់ទីផ្សារកម្ពុជា និងម៉ាកយីហោល្បីៗជាច្រើនបាននិងកំពុងត្រៀមខ្លួនមកកាន់ប្រទេសនេះនាពេលខាងមុខ៕