សហរដ្ឋអាមេរិកបើកការិយាល័យក្រសួងកសិកម្មលើកដំបូងនៅកម្ពុជា

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សហរដ្ឋអាមេរិកបានបើកការិយាល័យរបស់ក្រសួងកសិកម្ម (USDA​)ដំបូងរបស់ខ្លួននៅកម្ពុជា នៅខែកញ្ញានេះ ដើម្បីទ្រទ្រង់ពាណិជ្ជកម្ម ទាក់ទងនឹងកសិកម្ម ដែលកំពុងមានកំណើន រវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

ក្នុងសេចក្តីប្រកាសឱ្យដឹងថា ថ្វីត្បិតតែការិយាល័យផ្នែកសេវាកម្ម ជាមួយបរទេសរបស់ក្រសួងកសិកម្មអាមេរិក (USDA) ស្ថិតនៅក្នុងស្ថានទូតអាមេរិក នៅភ្នំពេញមែន ប៉ុន្តែការងាររបស់ក្រសួងនេះ មាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រទ្រង់កិច្ចសហការ និងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជាគេចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មរបស់អាមេរិក ហើយការិយាល័យថ្មីរបស់ USDA នេះ នឹងជំរុញកិច្ចការនេះដើម្បីឱ្យអតិថិជន និងផលិតករកម្ពុជាទទួលបានផលិតផល និងបច្ចេកវិទ្យាទាំងនោះឲ្យបានកាន់តែច្រើន។ វាជាដំណឹងល្អសម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការធ្វើឲ្យប្រជាជនកម្ពុជាទទួលបានទំនិញ និងសេវាប្រកបដោយគុណភាព ពីសហរដ្ឋអាមេរិក ។

លោកបន្តថា “ទីផ្សារប្រទេសកម្ពុជាកំពុងមានកំណើន សម្រាប់ទំនិញកសិកម្មនាំចេញរបស់សហរដ្ឋអាមេរិក ដោយក្នុងឆ្នាំ២០២០ គេលក់បានក្នុងតម្លៃ៧២,២លានដុល្លា​រអាមេរិក គឺបានកើនឡើង៤៧៤ភាគរយក្នុងរយៈពេលជិត១០ឆ្នាំមកនេះ”។

ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់USDA ក៏នឹងជួយផងដែរដល់កសិ​ករ និងសិស្សសាលានៅកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ជាបន្តរបស់USDA ដូចជាកម្មវិធី McGovern-Dole International Food For Education ដែលផ្ដល់អាហារសម្រាប់កូនសិស្ស នៅសាលាបឋមសិក្សា និងកម្មវិធី Food For Progress ដែលលើកកម្ពស់ផលិតភាពកសិកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here