ដោយៈគង់ សូរិយា
ភ្នំពេញៈ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសូងព៌តមាន លោកជុំ កុសលបានមានប្រសាសន៍ថា បើគិតត្រឹមចុងខែកញ្ញានេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣៥,៥លានដូសហើយ សំរាប់ចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកជុំ កុសល ដែលជាឧត្តមទីប្រឹក្សាថ្នាក់ខ្ពស់បំផុត នៃគេហទំព័រ Propertyarea ផងដែរនោះ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គម កាលពីល្ងាចថ្ងៃទី២៤ កញ្ញាកន្លងមកថា វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ចំនួន៣លានដូស ដែលជាការបញ្ជាទិញពីសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ តាមជើងយន្តហោះពិសេស។
លោកបន្តថា បន្ទាប់មកនៅថ្ងៃទី២៨ ខែកញ្ញាខាងមុខវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៣លានដូសទៀត ក៏នឹងដឹកមកដល់កម្ពុជាផងដែរ ដែលជាសរុបថ្ងៃនេះ និងថ្ងៃទី២៨ ខែកញ្ញា កម្ពុជាទទួលបានវ៉ាក់សាំង សរុបចំនួនជាង៣៥លានដូស សម្រាប់ការចាក់ជូនកុមារ និងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋនោះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងឱ្យដឹងក្នុងពិធីទទួលការមកដល់ នៃវ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូស នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថា ថ្ងៃនេះកម្ពុជាទទួលវ៉ាក់សាំងចំនួន៣លានដូសទៀត របស់ក្រុមហ៊ុនស៊ីណាវ៉ាក់ ហើយនឹងមកដល់៣លានដូសទៀត នៅថ្ងៃទី ២៨ ខែកញ្ញា ដែលជាការបញ្ជាទិញបន្ថែម ដែលមានការសម្រេច ដោយសម្ដេចតេជោ ហ៊ុន សែន។
លោកស្រីបានបន្តថា ជារួមមកដល់ថ្ងៃនេះ រាប់ទាំងវ៉ាក់សាំង ដែលមកដល់នៅថ្ងៃទី ២៨ ខែកញ្ញាទៀតផង ទាំងវ៉ាក់សាំងជំនួយ និងវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបញ្ជាទិញផង យើងមានវ៉ាក់សាំងចំនួន៣៥,៥ លានដូសហើយ ដែលវ៉ាក់សាំងមកដល់ថ្មីនេះ គឺដើម្បីចាក់ជូនកុមារដែលមានអាយុ ចាប់ពី៦ ដល់១២ឆ្នាំ និងសម្រាប់ធ្វើជាដូសជំរុញ។
ក្រៅពីវ៉ាក់សាំងដែលបានបញ្ជាទិញនេះ យើងនៅមានវ៉ាក់សាំងដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៣លានដូសទៀត ដែលនឹងដឹកមកដល់កម្ពុជា នៅក្នុងខែតុលា ខាងមុខ។ ដូច្នេះយើងមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ ទៅតាមអ្វីដែល រាជរដ្ឋាភិបាលបានកំណត់។
យោងតាមរបាយការណ៍ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១រួមមាន ១-ក្រុមដែលមានអាយុចាប់ពី១៨ឆ្នាំឡើង អ្នកចាក់ដូសទី១ ចំនួន៩,៨៦១,៩៨៥នាក់ អ្នកចាក់ដូសទី២ ចំនួន៩,១៥៦ ,៨៦១នាក់ ស្មើនឹង៩៨,៦២ភាគរយ នៃប្រជាជនគោលដៅសរុប១០លាននាក់ និងអ្នកចាក់ដូសទី៣ ចំនួន៨៥៥,០៤៥នាក់។
កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អ្នកចាក់ដូសទី១ ចំនួន១, ៧៤៤,៩៤៧នាក់ អ្នកចាក់ដូសទី២ ចំនួន១,៥៤៩,៩៧៧នាក់ ស្មើនឹង ៨៨,៧១ភាគរយ នៃក្រុមគោលដៅសរុបជិត២លាននាក់។ កុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ អ្នកចាក់ដូសទី១ ចំនួន១, ២១៦, ៩៣៦នាក់ ស្មើនឹង៦៤,១៤ភាគរយនៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ ប្រៀបធៀបនឹងប្រជាជនសរុប១៦លាននាក់ ស្មើនឹង ៨០,១៥ភាគរយ៕