ដោយៈសុខុម
ហុងកុង: ភាគហ៊ុននៃក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតរថយន្តអគ្គិសនី របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ នៅប្រទេសចិន Evergrande បានដាំក្បាលចុះរហូតដល់ទៅ២៦%នៅថ្ងៃច័ន្ទ ទី២៧កញ្ញានេះ បន្ទាប់ពីបុត្រសម្ព័ន្ធមួយនេះប្រឈមនឹងអនាគតមិនប្រាកដប្រជា លុះត្រាតែខ្លួនទទួលបានការចាក់បញ្ចូលសាច់ប្រាក់ភ្លាមៗ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters ឱ្យដឹងថា ការធ្លាក់ចុះយ៉ាងខ្លាំង នូវតម្លៃភាគហ៊ុននេះក៏កើតមានឡើង ក្រោយពីបុត្រសម្ព័ន្ធនេះប្រកាសលុបចោលផែនការបោះផ្សាយលក់ភាគហ៊ុន RMB ផងដែរ។
ការព្រមានរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ China Evergrande New Energy Vehicle Group បន្ទាប់ពីទីផ្សារបានបិទការជួញដូរកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ គឺជាសញ្ញាច្បាស់លាស់បំផុតដែលបង្ហាញថា វិបត្តិបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យធំបំផុតទី២ នៅប្រទេសចិនEvergrande កំពុងជះផលប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃអាជីវកម្មរបស់ខ្លួន។
អ្នកវិភាគមួយចំនួនមានការព្រួយបារម្ភថា ការដួលរលំរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande អាចបង្កឱ្យមានវិបត្តិទីផ្សារទូទាំងពិភពលោក។
ក្រុមហ៊ុន Evergrande បានខកខានក្នុងការបង់ការប្រាក់ លើសញ្ញាប័ណ្ណគិតជាដុល្លារ កាលពីសប្ដាហ៍មុន ហើយការស្ងៀមស្ងាត់របស់ក្រុមហ៊ុន ចំពោះបញ្ហានេះបានធ្វើ ឱ្យវិនិយោគិនទូទាំងពិភពលោកងឿងឆ្ងល់ថា តើពួកគេនឹងត្រូវទទួលរងការខាតបង់យ៉ាងធំឬយ៉ាងណា នៅពេលដែលរយៈពេលអនុគ្រោះរយៈពេល៣០ថ្ងៃកន្លងផុតទៅ។
ក្រុមហ៊ុន Evergrande បានជំពាក់បំណុលគរដូចភ្នំ រហូតដល់ទៅប្រមាណ៣០៥ពាន់លានដុល្លារ ដោយក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុតនៅប្រទេសចិន។
វិបត្តិរបស់ក្រុមហ៊ុននេះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ឈឺក្បាលយ៉ាងខ្លាំង ហើយបណ្ដាវិនិយោគិន មានការព្រួយបារម្ភយ៉ាងខ្លាំងថា ការដួលរលំរបស់ក្រុមហ៊ុននេះអាចបង្កហានិភ័យជាលក្ខណៈប្រព័ន្ធ មកលើប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន៕ Reuters៕