ដោយៈសិរី ជេស៊ីកា
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានត្រៀមផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន១៤០០លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ខាងមុខ។
ជាមួយគ្នានេះ ADBនឹងជំនួយឥតសំណង៣១,៨ លានដុល្លារ សម្រាប់កម្ពុជាក្នុងរយៈពេលដូចគ្នាផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ADB ចេញផ្សាយកាលពីសប្តាហ៍មុន ទឹកប្រាក់កម្ចី និងជំនួយឥតសំណងនេះ គឺសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩របស់កម្ពុជា។
យោតតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០២១ កម្ពុជាមានសន្និធិបំណុល សាធារណៈសរុបចំនួន៩,១២ពាន់លានដុល្លារ ដោយសុទ្ធតែជាបំណុលសាធារណៈក្រៅប្រទេស។
ទោះជាយ៉ាងណា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជា មិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានថ្មីទេ ដោយសារគម្រោងអភិវឌ្ឍន៍ថ្មីជាច្រើន កំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងរៀបចំ ហើយត្រូវបានពន្យាពេលដោយសារការរីករាលដាលជំងឺកូវីដ១៩។
កាលពីថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ ពី៤ភាគរយ មកនៅត្រឹម១,៩ភាគរយប៉ុណ្ណោះ ប៉ុន្តែថាឆ្នាំ២០២២ អាចនឹងមានកំណើនដល់ទៅ៥,៥ភាគរយ៕
– Video Advertisement –