ដោយៈគង់ សូរិយា
កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងថា រោងចក្រធំមួយ ដែលបានរើមកពីប្រទេសមីយ៉ាន់ម៉ា កំពុងស្វែងរកជួលរោងចក្រទំហំ៥០,០០០ម៉ែត្រការ៉េ។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ហៃទី២៨ កញ្ញាកន្លងមកថា ថ្នាក់ដឹកនាំក្រុមហ៊ុននេះបានទូរស័ព្ទមកលោក ដើម្បីស្វែងរកឃ្លាំងជួល ប៉ុន្តែលោកមិនបានបញ្ជាក់ថា ជាក្រុមហ៊ុនអ្វីនៅឡើយទេ ព្រោះមិនទាន់បានជួបជជែកដោយផ្ទាល់នៅឡើយទេ។
លោកបន្តថា “ការស្វែងរកជួលនេះ អាចនឹងមានទំហំផ្ទៃដី១០ហិកតា ព្រោះធម្មតារោងចក្រមួយត្រូវការទីតាំងសម្រាប់ដាក់សម្ភារៈ បរិក្ខា កន្លែងស្នាក់នៅ និងផលិតផលនានារបស់ពួកគេផងដែរ”។ លោកបន្តថា “ទោះជាយ៉ាងណាយើងមិនទាន់ដឹងពួកគេ អាចចាប់ផ្តើមផលិតកម្មនៅពេលណានៅឡើយទេ”។
ជាមួយនឹងកំណើនរោងចក្រ សហគ្រាសនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ បាននិងកំពុងធ្វើឲ្យខេត្តជួបវិបត្តិខ្វះកំលាំងពលកម្មផងដែរ។
លោកវ៉ី សំណាងបានបន្តថា ដើម្បីដោះស្រាយបញ្ហាខ្វះកំលាំងពលកម្ម យើងបានផ្សព្វផ្សាយទៅកាន់បណ្តាខេត្តជុំវិញ ដូចជា ខេត្តកណ្តាល កំពង់ឆ្នាំង តាកែវ ជាដើមដើម្បីឲ្យអ្នកស្វែងរកការងារធ្វើ បានដឹងពីតម្រូវការពលកម្ម កំពុងកើនឡើងក្នុងខេត្តកំពង់ស្ពឺ ដែលជាខេត្តមានរោងចក្រ ឧស្សាហកម្មមានការកើនឡើង ដោយបច្ចុប្បន្នខេត្តកំពុងលើក ទឹកចិត្តដល់ម្ចាស់រោងចក្រ សហគ្រាសនានាវិនិយោគ ឬបោះទីយតាំងនៅតាមបណ្តោយផ្លូវជាតិសំខាន់ៗចំនួន៣ គឺផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤៤ ព្រោះការពង្រីកមូលដ្ឋាននៅតាមបណ្តាទីតាំងទាំងនេះ ងាយស្រួលក្នុងការគ្រប់គ្រងទាំងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងចរាចរណ៍សាធារណៈ៕