ដោយៈសុជាតា
ខេត្តកំពតៈ ខេត្តបានក្លាយទៅជាតំបន់មាត់សមុទ្រ មិនត្រឹមតែជាតំបន់សក្តានុពលទេសចរណ៍ដ៏ធំមួយក្នុងប្រទេសកកម្ពុជា ប៉ុន្តែមានគេសង្កេតឃើញមានអាគារខុនដូ និង អាគារការិយាល័យមួយចំនួន បានចាប់ផ្តើមសាងសង់។
ខេត្តសក្តានុពលកំពុងសាងសង់អគារពាណិជ្ជកម្ម កំពស់៤២ជាន់ជាលើកដំបូង ស្របពេលអាគារបុរាណសម័យអាណានិគមបារាំង គឺស្ថិតនៅទីតាំងពេញនិយមនៅឡើយសម្រាប់ការលក់ដូរ ទំនិញ និងពាណិជ្ជកម្មនានា។
លោកប៉ូ អ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុនAdvance Real Estate បានប្រាប់ Property Area Asia នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ ថា នៅដំណាក់ពេលនេះ គឺរឿងលឿនបន្ថិច បើនិយាយពីទីផ្សារអចលនទ្រព្យ ប្រភេទអាគារការិយាល័យ និងអាគារខុនដូ ពីព្រោះថា តម្រូវការប្រើប្រាស់អាគារការិយល័យ មានកម្រិតតិចតួចបំផុត ប៉ុន្តែជំនួសដោយផ្ទះShop house ផ្ទះល្វែងដែលសល់ពីមុន យកមកជួសជុល នៅក្នុងទីរួមខេត្តមាត់សមុទ្រនេះ ។
ចំពោះអាគារខុនដូវិញ ហាក់ដូចនៅចំនុចចាប់ផ្តើមតាមបណ្តោយមាត់ស្ទឹង ដោយចាប់ផ្តើមបុកគ្រឹះ តម្លើងបង្គុំនៅឡើយ។ ជាក់ស្តែង ចំពោះចរន្តសាងសង់អាគារនៅខេត្តកំពត និងកែប មិនទាន់ដូចសាងសង់ទ្រង់ទ្រាយធំ ដូចនៅខេត្តព្រះសីហនុ ប៉ុន្តែចំពោះអភិវឌ្ឍជារីស៊ត បឹងកាឡូ មានកំណើនសាងសង់ឆាប់រហ័សទៅវិញ។
លោកប៉ូ អ៊ាវគង់បានបន្តថា តំរូវការចំពោះអភិវឌ្ឍការិយាល័យ និងខុនដូ នៅខេត្តកំពត គឺនៅមិនទាន់តំរូវការធំដុំគួរកត់សំគាល់នៅឡើយ ទីផ្សារចំបងនៅខេត្តកំពតគឹទាក់ទងនឹងផ្នែកបដិសណ្ឋាកិច្ច ដូចជា សណ្ឋាគារ តំបន់លំហែកាយទៅវិញទេ។
ចំពោះតម្លៃដីធ្លី ចាប់គល់ស្ពានព្រែកកំពត ចុះមកប៉ែកខាងកើតមន្ទីររដ្ឋបាលខេត្ត គឺចន្លោះពី៥០០ ដុល្លារទៅ១០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចាប់ពីសាលខេត្តចុះមកក្រោម តម្លៃចាប់ផ្តើមចុះបន្តិចម្តង ចាប់ពី១០០ ដុល្លារទៅ៤០០ ដុល្លារក្នុងម៉ែត្រការ៉េផងដែរ។
ជាមួយគ្នានេះ លោក កែវ សុជាតិ ប្រធានក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពតបានឱ្យដឹងថា វិស័យអចលនវត្ថុនៅក្នុងខេត្តកំពត ទទួលបានការទិញលក់ជាបន្តបន្ទាប់ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ថ្មីៗ ជាពិសេសពីសំណាក់វិនិយោគិន ក្នុងស្រុកតែម្ដង បើទោះបីជាមានវិបត្តិកូវីដ១៩ក៏ដោយ។
លោកបន្តថា “វិស័យនេះនឹងមានកំណើនល្អប្រសើរ និងមានសន្ទុះកាន់តែខ្លាំង ពីព្រោះគម្រោងវិនិយោគមួយចំនួន ដូចជាគម្រោងអគារខ្ពស់ នៅជាប់ដងព្រែករបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង គម្រោងបុរីនៅតាមតំបន់ជាយទីរួមខេត្ត និងគម្រោងអភិវឌ្ឍន៍សណ្ឋាគារមួយកន្លែងតាមផ្លូវទឹកឈូជាដើម”។
លោកសុជាតិបានបន្ថែមទៀតថា គំរោងអភិវឌ្ឍចុងក្រោយនេះ គឺមានអ្នកវិនិយោគក្នុងស្រុកវិនិយោគទៅលើកំពង់ផែ ដីលំនៅដ្ឋាន ខុនដូនៅទល់មុខកំពង់ផែផងដែរ។ ជាងនេះទៀត ក្រុមហ៊ុនមានគម្រោងអភិវឌ្ឈន៍ឆ្នេរថ្មី សម្រាប់បំរើអោយវិស័យទេសចរផងដែរ៕