អាជ្ញាធរខេត្តព្រះសីហនុអំពាវនាវឲ្យប្រតិបត្តិករទេសចរណ៍រៀបចំកែលំអរអនាម័យបរិស្ថាន ដើម្បីត្រៀមបើកទទួលភ្ញៀវឡើងវិញ

0

ដោយៈ គង់ ម៉ាលីនណា

ព្រះសីហនុៈ លោកអភិបាលរងខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានអំពាវនាវអស់លោក លោកស្រីជាប្រតិបត្តិករទេសច​រណ៍ តាមរមណីយដ្ឋានទេសចរណ៍នានា រៀប​ចំកែលម្អអនាម័យ បរិស្ថាន ពិសេសការអនុវត្តស្តង់ដារ (SOP) ដើម្បីត្រៀមបើកទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ។

លោកមានប្រសាសន៍ ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) កាលពីថ្ងៃទី២៨ កញ្ញាកន្លងមកថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអទិភាពក្នុងការជម្រុញ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចតាមរយៈបង្កើនការងារ ការវិនិយោគកាត់បន្ថយភាពក្រីក្រ ការទ្រទ្រង់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ការចូលរួមការពារអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ។

លោកបន្តថា ខេត្តព្រះសីហនុ ត្រូវបានកំណត់តំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយ អភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០-២០២៥ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ផ្អែកលើសកម្មភាពដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិ។ នៅពេលខាងមុខរាជរដ្ឋាភិបាលគ្រោងនឹងបើកទេសចរក្នុងស្រុក និងឈានទៅបើកទេសចរអាស៊ាន និងទេសចរអឺរ៉ុបឡើងវិញផងដែរ។

ជាមួយគ្នានេះ លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាស្នាក់នៅទេសចរណ៍បានមានប្រសាសន៍បើកកិច្ចប្រជុំ ផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ជូនចំពោះអាជ្ញាធរ និងប្រតិបត្តិករណ៍ទេសចរណ៍ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍អាចដំណើរការបាន ក៏ដូចជាការជួយផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងធានាបាននូវការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ចាំបាច់ត្រូវមានគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា និងវិធានសុវត្ថិភាពទេសចរណ៍ ក៏ដូចជា វិធានសុវត្ថិភាពសុខាភិបាលត្រឹមត្រូវសមស្រប ដើម្បីធ្វើការអប់រំ និងបណ្ដុះបណ្ដាលឱ្យបានទូលំទូលាយ ដោយមានការចូលរួមអនុវត្តន៍ ឱ្យបានត្រឹមត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសវិស័យឯកជន និងប្រជាពលរដ្ឋផ្ទាល់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន ៣.ការពារ ៣.កុំ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ការផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិការស្តង់ដារអប្បរមា (SOP) ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ចំណេះដឹងមូលដ្ឋានដល់មន្ត្រី និងវិស័យឯកជននៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមជម្រុញវិស័យទេសចរណ៍ ប្រកបដោយគុណភាព និងសុវត្ថិភាព ជាពិសេសត្រៀមឆ្ពោះ ទៅបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅចុងឆ្នាំ២០២១ និងត្រៀមទទួលភ្ញៀវ នៅក្នុងវេទិកាទេសចរណ៍អាស៊ាននាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here