GDPរបស់វៀតណាមដាំក្បាលចុះខ្លាំងមិនធ្លាប់មាន នៅពេលវិធានការកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ

0

ដោយៈសុខុម

ហាណូយ: សេដ្ឋកិច្ចរបស់វៀតណាម បានដាំក្បាលចុះខ្លាំងមិនធ្លាប់មាននៅវិធានការទប់ស្កាត់វីរុសកូវីដ-១៩ ដ៏តឹងរ៉ឹងជះផលប៉ះពាល់ស្ទើរ តែគ្រប់វិស័យនៃសេដ្ឋកិច្ច ក្រោ​យមានការបិទទ្វាររោងចក្រ និងកាត់បន្ថយសមត្ថភាពផលិតកម្ម ដែលធ្វើឱ្យរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

ការិយាល័យស្ថិតិទូទៅរបស់វៀតណាម និយាយនៅថ្ងៃពុធ ទី២៩ កញ្ញា នេះថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងត្រីមាសទី៣ នេះបានធ្លាក់ចុះ៦,១៧% បើធៀបនឹងឆ្នាំ២០២០។ ការិយាល័យនេះបានបន្ថែមថា វាជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន។

អាជ្ញាធរបានដាក់ចេញវិធានការយ៉ាងតឹងរ៉ឹងជាច្រើនខែ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ដែលមានចាប់ពីការបញ្ជាឱ្យបិទទ្វាររោងចក្រ ប្រសិនបើរោងចក្រទាំងនោះមិនអាចផ្តល់កន្លែងស្នាក់នៅសម្រាប់កម្មករ រហូតដល់ការរារាំងប្រជាជននៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃក្រុងហូជីមិញ មិនឱ្យចេញក្រៅដើម្បីទិញម្ហូបអាហារ។

លោក Pham Dinh Thuy ប្រធានស្ថិតិឧស្សាហកម្មបានថ្លែងក្នុងសន្និសីទកាសែតក្នុងទីក្រុងហាណូយថា ក្រុមហ៊ុន៩៤%នៅក្នុងប្រទេសនេះ កំពុងប្រឈមនឹងការលំបាកជាច្រើនរួមមានកង្វះកម្លាំងពលកម្ម និងការចំណាយខ្ពស់ជាងមុនសម្រាប់ប្រាក់ឈ្នួល និងកន្លែងស្នាក់នៅរបស់កម្មករជាដើម ដែលជាចំណែកធ្វើឱ្យរាំងស្ទះ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

លោក Nguyen Anh Duc ប្រធានផ្នែកលក់នៅក្រុមហ៊ុន SSI Securities Corp ក៏បានលើកឡើងស្រដៀងគ្នាថា អាជីវកម្មនានាបានប្រឈមការលំបាកយ៉ាងខ្លាំង ដោយ​សាររដ្ឋាភិបាល បានដាក់ចេញវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ នៅក្នុងក្រុងហាណូយ ក្រុងហូជីមិញ និងតំបន់ឧស្សាហកម្មផ្សេងៗទៀតនៅភាគខាងត្បូងប្រទេស។

លោកបានបន្ថែមទៀតថា “ប្រសិនបើរដ្ឋាភិបាលបន្ថែមល្បឿនចាក់វ៉ាក់សាំង ហើយអាចគ្រប់គ្រងស្ថានភាពវីរុសកូវីដ-១៩ បានល្អ ខ្ញុំជឿថា សេដ្ឋកិច្ចនឹងចាប់ផ្ដើមងើបឡើងវិញយ៉ាងឆាប់រហ័សនៅឆ្នាំក្រោយ”។

យោងតាមក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ក្នុងចំណោមប្រជាជនសរុបទូទាំងប្រទេសវៀតណាម មានតែប្រមាណ៨,៨%ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។ ហើយយោងតាមមជ្ឈមណ្ឌលព័ត៌មាន ក្រុងហូជីមិញបង្ហាញថា នៅក្នុងទីក្រុងនេះពលរដ្ឋជាង២៩ភាគរយ បានចាក់វ៉ាក់សាំងគ្រប់ដូសគិតត្រឹមថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ៕  The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here