ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនានារបស់ប្រទេសចិនកំពុងសម្រុកវាយលុក ទីផ្សារអឺរ៉ុបទ្រង់ទ្រាយធំ

0

ដោយៈសុខុម

ប៉េកាំង: ពេលនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនានា របស់ប្រទេសចិន កំពុងសម្រុកវាយលុកទីផ្សារអឺរ៉ុប ទ្រង់ទ្រាយធំដើម្បីដណ្ដើមចំណែកទីផ្សារ ខណៈទ្វីបនេះកំពុងជំរុញការផលិតរថយន្តអគ្គិសនី ដើម្បីឆ្ពោះទៅរកការកាត់បន្ថយការបំភាយ ឧស្ម័នកាបូន  ឱ្យមកនៅកម្រិតសូន្យនៅថ្ងៃអនាគត។

តួយ៉ាងក្រុមហ៊ុនចិន Nio Inc ដែលទំហំមូលធនូបនីយកម្មទីផ្សារ (Market Capitaliization) បានហក់ចូលទីផ្សារអឺរ៉ុប ជាលើកដំបូង ដោយបានបញ្ចេញរថយន្តអគ្គិសនីម៉ូឌែល ES8 របស់ខ្លួននៅក្នុងទីក្រុងអូស្លូ ប្រទេសន័រវែស នៅថ្ងៃព្រហស្បតិ៍ ទី៣០ កញ្ញា នេះ។

ម៉ាកយីហោ (Brand) ជាច្រើនផ្សេងទៀតដែលពលរដ្ឋអឺរ៉ុប មិនសូវស្គាល់ដែលបានចាប់ផ្តើមលក់ ឬមានគម្រោងលក់រថយន្តនៅទ្វីបនេះរួមមាន Aiways ម៉ូឌែល Tang របស់ក្រុមហ៊ុន BYD ម៉ូឌែល MG របស់ក្រុមហ៊ុន SAIC ម៉ូឌែល VOYAH របស់ក្រុមហ៊ុន Dongfeng និងម៉ូឌែល ORA របស់ក្រុមហ៊ុន Great Wall ជាដើម។

ទោះជាយ៉ាងណា ទីផ្សាររថយន្តនៅអឺរ៉ុប ដែលមានការប្រកួតប្រជែងខ្លាំងទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកគុណភាព និងក្ដោបក្ដាប់ដោយម៉ាកយីហោល្បីៗ គឺមិនងាយស្រួលឡើយសម្រាប់ក្រុមហ៊ុនផលិតរថយន្តចិន ដណ្ដើមចំណែកទីផ្សារក្នុងពេលកន្លងមក។ នោះក៏ដោយសារតែគេយល់ថា រថយន្តចិនចំណាយតិចនៅក្នុងការផលិត និងមានគុណភាពអន់។

ជាការពិតណាស់ លោក William Li នាយកប្រតិបត្តិក្រុមហ៊ុន Nio Inc បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកទទួលស្គាល់ថា ផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យគឺនៅវែងឆ្ងាយណាស់ នៅក្នុងទីផ្សារចាស់ទុំនេះ ដែលខ្លួនពិបាកនឹងទទួលបានជោគជ័យ។

លោកបានបន្ថែមទៀតថា ក្រុមហ៊ុនផលិតរថយន្តចិននានា ប្រហែលជាត្រូវការពេ​លមួយទសវត្សរ៍ទម្រាំតែអាច “ឈរជើងរឹងមាំ” នៅក្នុងទីផ្សារអឺរ៉ុប ហើយលោក He Xiaopeng នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីXpeng ក៏យល់ស្របដូចលោកដែរ។

ខណៈការលក់រថយន្តអគ្គិសនីនៅសហភាពអឺរ៉ុប បានកើនឡើងទ្វេដងកាលពីឆ្នាំមុន និងកើនឡើង១៣០%ក្នុងឆមាសទី១ឆ្នាំនេះ ក្រុមហ៊ុនផលិតនានាបានសម្រុកងាកទៅផលិតរថយន្តអគ្គិសនីទ្រង់ទ្រាយធំ ដើម្បីដណ្ដើមចំណែកទីផ្សារ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here