ក្រសួងរ៉ែនិងថាមពលទាមទារឱ្យម្ចាស់នាវាMT Strovolos ប្រគល់ប្រេងឆៅ មកឱ្យកម្ពុជាវិញ

0

        ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រសួងរ៉ែនិងថាមពលកម្ពុជា បានប្រកាសច្រានចោលនូវសេចក្តីប្រកាសរបស់ម្ចាស់នាវា ដែលលួចដឹកប្រេងឆៅចេញពីកម្ពុជា ជាង៣០ម៉ឺនបារ៉ែលជាកម្មវិធីនៃការទាមទារប្រាក់ពីកម្ពុជា ហើយក្រសួងរ៉ែ និងថាមពល ក៏សូមឱ្យម្ចាស់នាវានេះប្រគល់ប្រេងឆៅទាំងនោះមកកម្ពុជាវិញផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី៣០កញ្ញា២០២១ បានបញ្ជាក់ថា ប្រេងឆៅ៣០ម៉ឺនបារ៉ែលនោះ ជាទ្រព្យសម្បត្តិរបស់កម្ពុជា មិនអាចក្លាយជាកម្មវត្ថុ នៃការទាមទាររបស់ម្ចាស់នាវា និងអ្នកគ្រប់គ្រងនាវា MT Strovolos បានឡើយ ព្រោះថាប្រេងឆៅទាំងនេះមិនមែនជាកម្មសិទ្ធរបស់ ក្រុមហ៊ុនKrisEnergyដែលជាអ្នកជួលនាវានោះទេ។ គ្មានការទាមទារណាមួយ ក្រោមកិច្ចព្រមព្រៀងជួលនាវា អាចផ្តល់ហេតុផលសមរម្យ ឬអនុញ្ញាតឱ្យនាវាMT Strovolos ចាក់ចេញពីកម្ពុជាដោយខុសច្បាប់ ឬអនុញ្ញាតឱ្យមានការរំលោភបំពានកម្មសិទ្ធិប្រេងឆៅរបស់កម្ពុជាឡើយ។

ក្រសួងរ៉ែ និងថាមពល អះអាងថា ពួកគេគួរតែត្រូវរៀបចំបង្វិលសងប្រេងឆៅមកឱ្យ​ម្ចាស់ស្របច្បាប់ គឺព្រះរាជាណាចក្រកម្ពុជាវិញ និងគួរតែបោះបង់ការព្យាយាមណាមួយ ទាមទារប្រាក់ពីកម្ពុជា ចំពោះបញ្ហាដែលជាវិវាទរបស់ពួកគេជាមួយ និងក្រុមហ៊ុន គ្រីសអេនើជី។

នាវាMT Strovolos ត្រូវបានចតនៅតំបន់ គម្រោងប្រេងកាតអប្សរាបំពេញតួនាទី របស់ខ្លួនជានាវាផ្ទុក និងផ្ទេរប្រេងឆៅ ដែលត្រូវបានជួលដោយក្រុមគ្រីសអេនើជី ដែលជាក្រុមទទួលបានសិទ្ធិរុករក និងបូមប្រេងឆៅពីកម្ពុជា។

ក្រុមនាវិកនៃនាវានេះ បានបើកនាវាចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹ​ង ឬការអនុញ្ញាតណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកទៅជាមួយ នូវប្រេងឆៅរបស់កម្ពុជាចំនួន២៩៥. ០០០បារ៉ែល។ នៅអំឡុងចុងខែកក្កដា នាវារួមនឹងនាវឹកជាច្រើននាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន បន្ទាប់ពីចូលចតនៅដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។

ក្រសួងបានបញ្ជាក់ថា ទោះបីជាមានការស្នើសុំឱ្យវិលត្រឡប់មកវិញក៏ដោយ ក៏នាវានេះមិនព្រមត្រឡប់មកដែនទឹកកម្ពុជាឡើយ។ ដោយប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំ និងបានទំនាក់ទំនងដោយផ្ទាល់ ជាមួយអាជ្ញាធរឥណ្ឌូណេស៊ី និងតាមរយៈប៉ូលីសអាំងទែប៉ូលឱ្យចាប់ខ្លួន និងធ្វើបត្យាប័នក្រុមនាវិកទាំងនោះ មកព្រះរាជាណាចក្រកម្ពុជា ស្របតាមនីតិវិធីដែលមានកំណត់ ក្នុងសន្ធិសញ្ញាអាស៊ាន ស្តីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងច្បាប់កម្ពុជាដែលពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here