កំណាត់ផ្លូវដែកភ្ជាប់អារ៉ាប់រួមអេមីរ៉ាត ជាមួយអារ៉ាប៊ីសាអូឌីតតម្លៃជាង១០ពាន់លានដុល្លារបានបញ្ចប់ជាស្ថាពរ

0

ដោយៈសុខុម

ឌូបៃ: កំណាត់ផ្លូវដែកប្រវែងរាប់រយគីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសអារ៉ាប់រួមអេមីរ៉ាត ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ចប់ជាស្ថាពរហើយនៅពេលនេះ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ កញ្ញា នេះ។

ក្រុមហ៊ុនផ្លូវដែកអារ៉ាប់រួមអេមីរ៉ាត Etihad Rail បានប្រកាសជាផ្លូវការថា កំណាត់ផ្លូវដែកមួយខ្សែប្រវែង១៣៩គីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសអារ៉ាប់រួមអេមីរ៉ាត ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ចប់ជាស្ថាពរហើយ។

ក្រុមហ៊ុនផ្លូវដែករដ្ឋមួយនេះបានបញ្ជាក់ថា កំណាត់ផ្លូវដែកនេះ គឺជាផ្នែកមួយនៃគម្រោងផ្លូវដែកជាតិដ៏ធំរបស់ខ្លួន ដែលលាតសន្ធឹងសរុបប្រវែង១.២០០គីឡូម៉ែត្រ ហើយថា ខ្លួនបានបញ្ចប់ការងារលើកញ្ចប់ទី១ នៃដំណាក់កាលទី២ របស់គម្រោងដែលរួមបញ្ចូលទាំងកំណាត់ផ្លូវដែករត់កាត់តំបន់ Al Ghuwaifat ផងដែរ។

ក្រៅពីការតភ្ជាប់ដែនត្រួតត្រាទាំង៧ នៅក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត គម្រោងផ្លូវដែកជាតិដ៏ធំសម្បើមនេះ ក៏មានបំណងតភ្ជាប់ប្រទេសនេះ ជាមួយបណ្ដាប្រទេសជិតផងដែរ។

ក្រុមហ៊ុនផ្លូវដែក Etihad Rail បានចេញសេចក្តីថ្លែងការណ៍ថា ការបញ្ចប់កំណាត់ផ្លូវដែកនេះ ជាជំហានដ៏សំខាន់មួយទៀតរបស់ក្រុមហ៊ុន ដែលកាន់តែខិតជិតបញ្ចប់គម្រោងផ្លូវដែកប្រវែង១.២០០គីឡូម៉ែត្រឱ្យទាន់តាមការគ្រោងទុក។

 

យោងតាមសារព័ត៌មានដដែលឱ្យដឹងថា គម្រោងផ្លូវដែកប្រវែង១.២០០គីឡូម៉ែត្រនេះគ្រោងចំណាយអស់ទឹកប្រាក់រហូតដល់ទៅ១០,៩ពាន់លានដុល្លារអាមេរិក ឯណោះ៕   Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here