ហ្វីលីពីនអនុម័តថវិកាជាតិទំហំជិត១០០ពាន់លានដុល្លារនៅឆ្នាំ២០២២ ជាចំនួនដ៏ច្រើនមិនធ្លាប់មាន

0

ដោយៈសុខុម

ម៉ានីល: សភាហ្វីលីពីន បានអនុម័តជាលើកទី៣ និងជាលើកចុងក្រោយលើសំណើថវិកាជាតិឆ្នាំ២០២២ របស់ប្រធានាធិបតីរ៉ូទ្រីហ្គោ ឌូទើតេ ដែលមានចំនួនច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ៩៨,៦៤ពាន់លានដុល្លារអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ចដែលដាំក្បាលចុះយ៉ាងខ្លាំងដោយសារវីរុសកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី០១ តុលា។

ផែនការចំណាយច្រើនមិនធ្លាប់មានរបស់លោក ឌូទើតេ ដែលកើនឡើង១១.៥%បើធៀបនឹងថវិកាជាតិឆ្នាំ២០២១នេះ គឺជាសំណើលើកចុងក្រោយរបស់លោក មុននឹងអាណត្តិកាន់អំណាចរយៈពេល៦ឆ្នាំរបស់លោក បញ្ចប់នៅខែមិថុនា ឆ្នាំ២០២២។

ទោះជាយ៉ាងណា ថ្វីបើឆ្លងផុតដំណាក់កាលសភាក្ដី ក៏សំណើថវិកាជាតិនេះទំនង​ជាប្រឈមនឹងការពិនិត្យ ពិច័យយ៉ាងតឹងរ៉ឹងនៅព្រឹទ្ធសភា ដែលបាននិងកំពុងធ្វើការស៊ើបអង្កេតលើការប្រើប្រាស់របស់រដ្ឋាភិបាលនូវថវិកាកូវីដ-១៩។

ថវិកាជាតិឆ្នាំ២០២២នេះ គឺសម្រាប់ការចំណាយអាទិភាព ដូចជា ការស្ដារហេដ្ឋារចនាសម្ព័ន្ធ ការចំណាយលើជួលបុគ្គលិកសុខាភិបាល ការសាងសង់ និងការជួសជុលកែលម្អមន្ទីរពេទ្យ ហើយកញ្ចប់ថវិកានេះ ក៏លៃទុកមួយចំណែកធំ សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញប្រឆាំងកូវីដ-១៩ ផងដែរ។

ប្រធានសភាលោក Lord Allan Velasco បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ទី១ តុលា ថា កញ្ចប់ថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងជួយជំរុញឱ្យប្រទេសហ្វីលីពីន ដែលជាសមាជិកមួយនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆាប់ងើបពីវិបត្តិកូវីដ-១៩ ដូចដើមវិញ និងឆ្ពោះទៅកាន់មាគ៌ាកាន់តែប្រសើរ។

ផ្អែកតាមទិន្នន័យផ្លូវការបង្ហាញថា ប្រទេសហ្វីលីពីន ដែលមានប្រជាជនសរុបជាង១០៩លាននាក់មានករណីឆ្លងវីរុសកូវីដ-១៩ រហូតដល់ទៅជាង២,៥លានករណី និងស្លាប់ជាង៣៨.០០០ករណី ដោយធ្វើឱ្យប្រទេសនេះ ជាប់ឈ្មោះក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅអាស៊ី ទាក់ទិនការស្លាប់ និងការខាតបង់ផ្នែកសេដ្ឋកិច្ច។
ការបិទខ្ទប់យ៉ាងតឹងរ៉ឹង និងអូសបន្លាយពេលវែង បានធ្វើឱ្យសេដ្ឋកិច្ចហ្វីលីពីន ដាំក្បាលចុះយ៉ាងខ្លាំង ដោយបានធ្លាក់ចុះរហូតដល់ទៅ៩,៦%កាលពីឆ្នាំមុន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here