វៀតណាម ចុះកិច្ចព្រមព្រៀងជាមួយអាមេរិក តភ្ជាប់ជើងហោះហើរផ្ទាល់ដោយគ្មានការឈប់សំចតតាមផ្លូវជាលើកដំបូង

0

សុខុម

ហាណូយ: នៅព្រឹកថ្ងៃទី២៤ កញ្ញា អាកាសយានដ្ឋានក្រុងឡូសអែនជើឡេស Los Angeles World Airports (LAWA) ការិយាល័យចៅហ្វាយក្រុងនេះ មន្ទីរទេសចរណ៍ក្រុងនេះ និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways បានចុះកិច្ចព្រមព្រៀងសហការតភ្ជាប់ជើងហោះហើរផ្ទាល់ដោយគ្មានការឈប់សំចតតាមផ្លូវរវាងក្រុងឡូសអែនជើឡេស និងប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន Vietnam Times ដែលបានចុះផ្សាយកាលពីថ្ងៃទី០១ តុលា ឱ្យដឹងថា កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីគោលបំណងទៅវិញទៅមកដើម្បីពង្រីកវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសវៀតណាម តាមរយៈការបង្កើតជើងហោះហើរផ្ទាល់ដោយគ្មានការឈប់សំចតតាមផ្លូវ ដោយបង្កើតបានក្របខណ្ឌមួយសម្រាប់ការងារបន្តដើម្បីជួយគាំទ្រដល់ការដំណើរការជើងហោះហើរផ្ទាល់ដោយគ្មានការឈប់សំចតជាលើកដំបូងរវាងក្រុងឡូសអែនជើឡេស និងទីក្រុងធំៗក្នុងប្រទេសវៀតណាម។

ការចុះកិច្ចព្រមព្រៀងនេះបានធ្វើឱ្យ Bamboo Airways ក្លាយជាក្រុមហ៊ុនអាកាសចរណ៍វៀតណាម ទី១ ដែលក្លាយជាដៃគូពាណិជ្ជកម្មផ្លូវការរបស់ក្រុងឡូសអែនជើឡេស ដែលជាទីក្រុងធំបំផុតប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនបំផុតទី២ ក្នុងសហរដ្ឋអាមេរិក។

លោក Dang Tat Thang នាយកប្រតិបត្តិក្រុមហ៊ុន Bamboo Airways បានថ្លែងថា “ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុន Bamboo Airways និងអាកាសយានដ្ឋាន Los Angeles World Airports បង្ហាញពីចំណុចរបត់ដ៏សំខាន់មួយ ដែលមិនត្រឹមតែនៅក្នុងផែនទីបង្ហាញផ្លូវសម្រាប់ដំណើរការរបស់ Bamboo Airways ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រវត្តិសាស្ត្រកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ”។

លោកបានលើកឡើងទៀតថា “យើងសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ទីផ្សារអាកាសចរណ៍នៅក្នុងប្រទេសទាំងពីរ ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគី និងពហុភាគី វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ជាពិសេសនៅក្នុងអំឡុងវិបត្តិកូវីដ-១៩។ កិច្ចសហប្រតិបត្តិការយ៉ាងសកម្មរវាងក្រុមហ៊ុន Bamboo Airways និងអាកាសយានដ្ឋាន Los Angeles World Airports នៅក្នុងការលើកកម្ពស់បណ្ដាញហោះហើរផ្ទាល់ដោយគ្មានការឈប់សំចតតាមផ្លូវដែលតភ្ជាប់ប្រទេសវៀតណាម និងសហរដ្ឋអាមេរិក នេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ហើយនេះឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងខ្លាំងក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ និងជាការបើកឱកាសថ្មីៗនៅពេលអនាគត”។

ផ្អែកតាមទិន្នន័យជើងហោះហើរ និងអ្នកដំណើរបង្ហាញថា ក្នុងឆ្នាំ២០១៩ មានអ្នកដំណើរជាង៨២០.០០០នាក់បានធ្វើដំណើរតាមជើងហោះហើរទៅមករវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក៕ Vietnam Times

LEAVE A REPLY

Please enter your comment!
Please enter your name here