លោកម៉ៅ ធនិនក្លាយជាអភិបាលខេត្តដំបូងគេក្នុងរយៈពេល ២១ឆ្នាំ ដែលបានយកបេះដូងប្រជាពលរដ្ឋបាន

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ គិតចាប់តាំងពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋខ្មែរ មិនទាន់ឃើញមានអភិបាលខេត្តណា អាចយកបជដូងប្រជាពលរដ្ឋបាន និងមានការអាលោះអាល័យបែបនេះនៅឡើយទេ។

ជាក់ស្តែង ប្រជាពលរដ្ឋខេត្តពោធិសាត់រាប់ពាន់នាក់ បានស្វះស្វែងជួបមុខ ដើម្បីជំរាបលាជាមួយនឹងទឹកមុខស្រងូតស្រងាត់ និងហូរទឹកភ្នែក ដោយសម្តែងការសោកស្តាយអភិបាលខេត្តរបស់ពួកគេ។

ប្រជាពលរដ្ឋខេត្តកំពត កន្លែងដែលលោកនឹងឡើង មកកាន់ដំណែងជាអភិបាលខេត្តថ្មី ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តនេះស្វាគមន៍ ដោយបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនដោយបង្ហាញអារម្មណ៍រីករាយ។
លោកអ៊ិច ណែតដែលមានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្នរស់នៅនិងធ្វើការនៅស្ថាប័នព៌តព៌តមានក្នុងស្រុកមួយ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីថ្ងៃទី៣០ កញ្ញាកន្លងមកថា អបអរសាទរអ្នកកំពតយើង​! អភិបាលខេត្ត​ពូកែដោះស្រាយ​បញ្ហា​ជំលោះ​ឬប៉ាវ ចិនខ្មែរ មកធ្វើជា​អភិបាលខេត្តកំពត​ហើយ លោកពូ​ម៉ៅ ធនិន អភិបាលខេត្តកំពត​ថ្មី។

លោកបានបន្តថា “អ្នកពោធិ៍សាត់អើយកុំអន់ចិត្តអី គាត់មកកំពតខេត្តខ្ញុំហើយ”។ លោកបានសរសេរបន្តថា “ប៉ាវចិនពោធិ៍សាត់ មកកំពតហើយ អ្នកណាពេញចិត្ត ពូប៉ាវចិនលើកដៃមួយ”។

ចំណែកលោកទៀន សារីមបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់លោកថា ធ្វើល្អរាស្ត្រស្រលាញ់ សង្ឃឹមថា មន្ត្រីផ្សេងទៀតផ្តល់ភាពកក់ក្តៅ ជូនប្រជាជន ព្រោះមន្ត្រីជាក្តីសង្ឃឹមរបស់រាស្ត្រគ្រប់ៗគ្នា។

ជាមួយគ្នានេះ នៅលើគេហទំព័រ Propertyarea.asia ដែលបានចេញផ្សាយព៌តមានពីលោកត្រូវផ្លាស់ប្តូរមកកាន់ខេត្តកំពត កាលពីថ្ងៃទី៣០ កញ្ញាកន្លងមក មានប្រជាពលរដ្ឋជាច្រើនបានផ្តល់នូវរូបស្ទីក័ររូបបេះដូង និងសរសេរពាក្យពេជ្រអបអរសាទរ និងកោតសរសើរលោក។

អំឡុងកាន់ដំណែងជាអភិបាលខេត្ត ពោធិសាត់ រយៈពេលជាងបីឆ្នាំ លោកម៉ៅ ធនិនបានចូលរួមដោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ហើយលោកទទួលបាន​ប្រជាប្រិយភាពយ៉ាងខ្លាំង លើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព៌តមានអនឡាញនានា។

លោកធ្លាប់បានមានប្រសាសន៍ថា “ពេលខ្ញុំមកបំពេញការងារនៅខេត្តពោធិសាត់ ខ្ញុំបានដាក់ចិត្តធ្វើជាពលរដ្ឋម្នាក់របស់ខេត្តនេះ និងជាកូនរបស់ប្រជាពលរដ្ឋម្នាក់”។

ជាមួយគ្នានេះ លោកសំអាត ឆាយបានសរសេរលើគេហទំព័រ Propertyarea.asia ថា សង្ឃឹមអភិបាលដែលទទូលភារកិច្ចបន្តពីលោក នឹងដើរតាមគំរូរបស់លោក។

ជាមួយគ្នានេះ លោក Venly Love បានសរសេរលើគេហទំព័រ Properyarea.asia ផងដែរថា សូមលោកពូទៅបោសសំអាត ពួកមន្រ្តីខិលខូចនៅខេត្តកំពតឲ្យអស់ផង។

រីឯអ្នកខេត្តស្ទឹងត្រែងឯណោះវិញ ឈ្មោះ Khom Sovann បានសរសេរមកលើគេហទំព័រ Propertyarea.asia ថា ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងរង់ចាំលោក ហេតុអ្វីក៏គ្មានវាសនាអញ្ចឹង ណ?។

អ្នកស្រីឡេង ម៉ាលីន ប្រជាពលរដ្ឋរស់នៅភូមិអន្លង់មៀន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ និងបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ បាននិយាយដោយអស់សង្ឃឹមថា ពីមុនមក ខេត្តពោធិសាត់បានផ្លាស់ប្តូរអភិបាលខេត្តជាច្រើន ប៉ុន្តែមិនដែលឃើញមានប្រជាពលរដ្ឋគោរពស្រលាញ់ ដួចលោកម៉ៅ ធនិននោះទេ លោកទទួលបានយកក្តីស្រលាញ់ពីប្រជាពលរដ្ឋដោយចិត្តស្មោះ។

អ្នកស្រីបន្តថា “កន្លងមកខ្ញុំលឺថាប្រជាពលរដ្ឋខេត្តពោធិសាត់ បានធ្វើលិខិតទៅសម្តេចតេជោ ដើម្បីឲ្យប្រមុខរាជរដ្ឋាភិបាល នៅបន្តកាន់ដំណែងក្នុងខេត្តនេះបន្តទៀត ប៉ុន្តែមិនដឹងយ៉ាងណាទេរហូតមកទល់ពេលនេះ”។

អ្នកស្រីឡេង ម៉ាលីនបានបន្តថា មុនពេលចាកចេញប៉ុន្មានខែ លោកអភិបាលខេត្តរូបនេះបានសន្យានឹងធ្វើផ្លូវកៅស៊ូ តភ្ជាប់បណ្តាញទឹកស្អាតចូលភូមិអន្លង់មៀន តែឥលូវគំរោងនេះមិនដឹងយ៉ាងម៉េចទេ ប៉ុន្តែអ្នកស្រិសង្ឃឹមអភិបាលខេត្តថ្មី លោកជាវ តាយនឹងជួយអភិវឌ្ឍន៍បន្តនៅភូមិអន្លង់មៀន និងភូមិដទៃទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here