ដោយៈសុខុម
ភ្នំពេញ: ហាង7-Eleven ដែលមានលក់ទំនិញមានគុណភាពជាង២.០០០មុខបានបើកសាខាដំបូងបង្អស់នៅកម្ពុជា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០២១ ជាមួយនឹងផែនការពង្រីករហូត ដល់ទៅ១.០០០សាខានៅភ្នំពេញ។
អ្នកវិនិយោគលើហាង 7-Eleven បាននិងកំពុងចាប់ផ្ដើមគម្រោងថ្មីសន្លាងមួយទៀត ដើម្បីជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs)។
យោងតាមកាសែត Bangkok Post ដែលចុះផ្សាយនៅថ្ងៃទី៤ តុលា នេះឱ្យដឹងថា នាយកដ្ឋានផ្សព្វផ្សាយឧស្សាហកម្ម (DIP) នៃក្រសួងឧស្សាហកម្មថៃ បានចាប់ផ្ដើមដំណើរការគម្រោងថ្មីមួយសន្លាង ដើម្បីជួយ SMEs ពង្រីកបណ្តាញលក់របស់ពួកគេតាមអនឡាញ និងនៅតាមម៉ាត ដោយស្នើសុំជំនួយពីក្រុមហ៊ុន CP All Plc ដែលជាក្រុមហ៊ុនប្រតិបត្តិករហាង 7-Eleven។
លោក Nattapol Rangsitpol ប្រធាននាយកដ្ឋាននេះបានថ្លែងថា អ្នកលក់រហូតដល់ទៅ១០០នាក់ ដែលរួមមាន SMEs និងអាជីវកម្មក្នុងសហគមន៍ នឹងត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងគម្រោងនេះ ប្រសិនបើផលិតផលរបស់ពួកគេបំពេញ តាមលក្ខខណ្ឌកំណត់ដោយក្រុមហ៊ុន CP All។
លោកគូសបញ្ជាក់ថា “គម្រោងនេះនឹងជួយឱ្យ SMEs និងអាជីវកម្មក្នុងសហគមន៍រស់រានឆ្លងផុតពីផលប៉ះពាល់ ដែលបង្កឡើងដោយការរីករាលដាលវីរុសកូវីដ-១៩ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន”។
នាយកដ្ឋាននេះរំពឹងថា ការពង្រីកបណ្តាញលក់ នឹងផ្តល់ឱកាសឱ្យអ្នកលក់ចែកចាយផលិតផលរបស់ពួកគេ ទៅដល់អ្នកប្រើប្រាស់កាន់តែប្រសើរជាងមុន។
លោក Nattapol Rangsitpol បានលើកឡើងថា “ហាង 7-Eleven គឺជាហាងលក់ទំនិញបែបសម័យទំនើបដ៏ល្បីល្បាញ ដែលមានសាខារហូតដល់១០,០០០សាខានៅទូទាំងប្រទេសថៃ។ វាមិនត្រឹមតែជួយឱ្យសហគ្រិន អាចលក់ផលិតផលរបស់ពួកគេ នៅតាមហាងម៉ាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេមានឱកាស ពង្រីកអាជីវកម្មរបស់ពួកគេទៅកាន់បណ្តាញហាង 7-Eleven និងក្រុមហ៊ុន CP Allផងដែរ”។
លោកបញ្ជាក់ថា នាយកដ្ឋាន និងក្រុមហ៊ុនCP All កំពុងពិភាក្សាគ្នាអំពីកិច្ចសសហប្រតិបត្តិកា រក្នុងការផ្លាស់ប្តូរចំណេះ ជំនាញអាជីវកម្មទៅវិញទៅមក និងរួមគ្នារកវិធីអភិវ ឌ្ឍ និងជំរុញឱ្យសហគ្រិនផ្លាស់ប្តូរឥរិយាបថ ឱ្យស្របទៅនឹងស្ថានភាពទីផ្សារជាក់ស្ដែង និងរបៀបរបបនៃការរស់នៅរបស់សាធារណជន។
លោកជឿជាក់ថា បណ្តាញលក់ទាំងអនឡាញ និងអូហ្វឡាញរបស់ហាង 7-Eleven នឹងជួយ SMEs និងអាជីវកម្មសហគមន៍រស់រានពីវិបត្តិនេះ៕ Bangkok Post៕