ដោយៈគង់ ម៉ាលីន
ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យបន្ទប់ទឹកសាធារណៈនៅតាមបណ្ដោយឆ្នេរ ចាប់ពីឆ្នេរអូរឈើទាល២ រហូតដល់ចំនុចដើមឈើចាំស្នេហ៍។
លោកបានមានប្រសាសន៍ ក្នុងពេលចុះត្រួតពិនិត្យបន្ទប់ទឹកសាធារណៈកាលពីចុងសប្តាហ៍មុនថា ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះតទៅ យើងនឹងបើកឱ្យដំណើរការជាផ្លូវការនូវបន្ទប់ទឹកសាធារណៈចំនួន៦ទីតាំងសិន ក្នុងចំណោម៩ទីតាំង ដោយសារតែបន្ទប់ទឹក៣ទីតាំងទៀត ក្នុងនោះ២ទីតាំង មិនទាន់បំពាក់សម្ភារ:រួចរាល់ និង១ទាក់ទងទៅនឹងបច្ចេកទេសទឹកនាំមកអត់ទាន់ដល់។
លោកបន្តថា “ដូច្នេះយើងបើកបន្ទប់ទឹកសាធារណៈចំនួន៦ទីតាំង ឱ្យដំណើរការ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីខ្មែរនាពេលខាងមុខនេះ”។
លោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំឯកសណ្ឋានអ្នកអនាម័យឱ្យត្រឹមត្រូវ ដើម្បីឱ្យភ្ញៀវដែលមកប្រើប្រាស់ បន្ទប់ទឹកសាធារណៈរបស់យើង ពួកគាត់បានដឹង។
លោកគួច ចំរើនក៏បានធ្វើការណែនាំឱ្យអាជីវករ ត្រូវរៀបចំដាក់លក់ម្ហូបអាហារប្រចាំតំបន់ ព្រោះខេត្តយើងជាតំបន់សមុទ្រ ដូច្នេះយើងចង់ផ្សព្វផ្សាយម្ហូបសមុទ្ររបស់យើង ដែលមានគុណភាព និងរស់ជាតិឆ្ងាញ់ពិសារ សម្រាប់ទាក់ទាញភ្ញៀវមកលេងកម្សាន្តខេត្តរបស់យើង ឱ្យបានកាន់តែច្រើននាពេលខាងមុខ៕