ដោយៈសុខុម
ហាណូយ: ការិយាល័យជាតិស្ថិតិរបស់វៀតណាមបានឲ្យដឹងងា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១ ក្រុមហ៊ុនសហគ្រាសចំនួន៩០.៣០០បានបិទទ្វារ ជាអចិន្ត្រៃយ៍ ដោយកើនឡើង១៥.៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃទី៤ តុលា នេះ។
របាយការណ៍របស់ការិយាល័យជាតិស្ថិតិវៀតណាមស្តីពី ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកញ្ញា ឆ្នាំ២០២១ បង្ហាញថា ជាមធ្យមក្រុមហ៊ុន សហគ្រាសចំនួន១០,០០០ក្នុងមួយខែៗបានដកខ្លួនចេញពីទីផ្សារ ឬមានន័យថា បានបិទទ្វារជាអចិន្ត្រៃយ៍។
របាយការណ៍នេះក៏បានលើកឡើងដែរថា ក្រុមហ៊ុនសហគ្រាសថ្មីៗចំនួន៣.៨៩៩បានបើកដំណើរការក្នុងខែកញ្ញា ដោយធ្លាក់ចុះ៣២.៣%បើធៀបនឹងខែសីហា ហើយធ្លាក់ចុះ៦២.២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១ ចំនួនក្រុមហ៊ុនសហគ្រាសដែលទើបបង្កើតថ្មីមានចំនួន៨៥.៥០០ ដោយធ្លាក់ចុះ១៣.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិបត្តិកូវីដ-១៩ ដ៏រ៉ាំរ៉ៃ បានរុញច្រានឱ្យអាជីវកម្មជាច្រើនស្ទើរតែក្ស័យធន និងក្ស័យធន។
របាយការណ៍ដដែលបញ្ជាក់ថា ចំនួនពិតប្រាកដនៃសហគ្រាស ដែលបានបិទទ្វារជាអចិន្ត្រៃយ៍ អាចមានចំនួនច្រើនជាងនេះ ដោយសារវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីករាដាលវីរុសនេះ។
លើសពីនេះ ចំនួនក្រុមហ៊ុន សហគ្រាស ដែលផ្អាកអាជីវកម្មក្នុងរយៈពេលជាក់លាក់មួយ គឺមានចំនួន៤៥.១០០ ដោយកើនឡើង១៦.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនសហគ្រាសចំនួន៣២.៤០០បានបញ្ឈប់ដំណើរការ ខណៈរង់ចាំនីតិវិធីរំលាយអាជីកម្មរបស់ខ្លួន ដោយកើនឡើង១៧.៤% ខណៈក្រុមហ៊ុនសហគ្រាសចំនួន១២.៨០០ បានបញ្ចប់នីតិវិធីរំលាយអាជីវកម្មជាស្ថាពរ ដោយកើនឡើង៥.៩%។
ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនសហគ្រាសចំនួន៣២.៣០០បានបើកដំណើរការឡើងវិញ ដោយធ្លាក់ចុះ៦,៦%បើធៀបនឹងឆ្នាំមុន។ បូករួមជាមួយចំនួនក្រុមហ៊ុនសហគ្រាសដែលទើបបង្កើតថ្មី អាជីវកម្មចំនួន១១៧.៨០០កន្លែង បានចូលរួមក្នុងទីផ្សារ ដោយធ្លាក់ចុះ១១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ Vietnam News៕