ក្រុមហ៊ុនឧស្សាហកម្មដ៏ធំរបស់ប្រទេសថៃប្រកាសឈានជើងចូលទីផ្សារ អាមេរិកនិងអឺរ៉ុប

0

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនB.Grimm Group ដែលជាក្រុមហ៊ុនឧស្សាហកម្ម ចំណាស់បំផុតរបស់ប្រទេសថៃ កំពុងពិចារណាបោះទុនវិនិយោគ លើគម្រោងថាមពលអគ្គិសនីជាច្រើននៅអឺរ៉ុបខាងកើត និងសហរដ្ឋអាមេរិក ដើម្បីដណ្ដើមចំណែកទីផ្សារថាមពលកកើតឡើងវិញដែលកំពុងកើនឡើង។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី៤ តុលា នេះ។

ពេលនេះក្រុមហ៊ុនមេ B.Grimm Group ដែលប្រាក់ចំណូលភាគច្រើនរបស់ខ្លួនទទួលបានពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ចុះបញ្ជីនៅក្រុងបាងកក B.Grimm Power Plc កំពុងសិក្សាពីលទ្ធភាព ថាតើគួរវិនិយោគតែម្នាក់ឯង ឬតាមរយៈការចាប់ដៃគូសការជាមួយក្រុមហ៊ុនផ្សេង ព្រោះហិរញ្ញវត្ថុជាកត្តាសម្រេចចិត្តដ៏សំខាន់។ នេះបើយោងតាមការបញ្ជាក់ពីលោកស្រី Caroline Link ប្រធានក្រុមហ៊ុន B.Grimm Joint Venture Holding Co ដែលជាបុត្រសម្ព័ន្ធវិនិយោគដ៏សំខាន់មួយរបស់ក្រុមហ៊ុនខាងលើនេះ។

លោកស្រី Caroline Link វ័យ៣៩ឆ្នាំបានលើកឡើង ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg ថា “ថាមពលកកើតឡើងវិញ ជាវិស័យដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ យើងមានសក្តានុពលរីកចម្រើន ក្នុងវិស័យថាមពល ហើយយើងនឹងផ្ដោតសំខាន់លើគម្រោងនានានៅអឺរ៉ុបខាងកើត”។

ក្រុមហ៊ុននេះ កំពុងស្វែងសិក្សាពីលទ្ធភាពវិនិយោគ លើរោងចក្រអគ្គិសនីដើរដោយថាមពលហ្គាសថ្មីៗ នៅក្នុងប្រទេសវៀតណាម ទីដែលខ្លួនបានដំណើរការគម្រោងថាមពលសូឡា (ពន្លឺព្រះអាទិត្យ) រួចទៅហើយ។

លោកស្រីបន្ថែមទៀតថា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ក៏ផ្តល់សក្តានុពលសម្រាប់ការបណ្តាក់ទុនថាមពលថ្មីៗផងដែរ។ លោកស្រីបញ្ជាក់ថា ប្រហែល២៦%នៃសមត្ថភាពផលិតថាមពលអគ្គិសនី សរុបកម្លាំង២.០០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុននេះ នាពេលបច្ចុប្បន្ន គឺបានមកពីប្រភពកកើតឡើងវិញ។

ក្រុមហ៊ុន B.Grimm Group ត្រូវបានគ្រប់គ្រងដោយលោក Harald Link ដែលត្រូវជាពុករបស់លោកស្រី Caroline Link និងគ្រួសាររបស់លោកស្រី ដែលកាន់កាប់ភាគហ៊ុនជាង៦០%ក្នុងក្រុមហ៊ុន B.Grimm Power Plc។ យោងតាមទិន្នន័យប្រមូលចងក្រងដោយទូរទស្សន៍ Bloomberg បង្ហាញថា ការកាន់កាប់ភាគហ៊ុននោះ មានទំហំយ៉ាងតិច១,៩ពាន់លានដុល្លារ។

អាជីវកម្មរបស់ក្រុមហ៊ុនមេ B.Grimm Group រួមមានសម្ភារៈសំណង់ ផ្នែកថែទាំសុខភាព និងការអភិវឌ្ឍអចលនទ្រព្យ។ ក្រុមហ៊ុននេះ ក៏មានការបណ្តាក់ទុនយូរមកហើយជាមួយក្រុមហ៊ុន Carrier Global Corp ដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ផងដែរ។ បង្កើតឡើងក្នុងឆ្នាំ១៨៧៨ ដោយដាក់ឈ្មោះថា Siam Dispensary ក្រុមហ៊ុននេះត្រូវបានលោក Adolf Link ដែលត្រូវជាជីតាទួតរបស់លោកស្រី Caroline Link ទិញយកកាលពីប្រមាណ១០០ឆ្នាំមុន។

ក្រុមហ៊ុន B.Grimm Group មានផែនការពង្រីកអាជីវកម្ម ដើម្បីបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន ឱ្យឈានដល់៤,៤៥ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៨ ជាពេលដែលក្រុមហ៊ុននេះ ដល់ខួបឆ្នាំទី១៥០របស់ខ្លួន៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here