ក្រុមហ៊ុនយក្ស Google គ្រោងបោះទុនវិនិយោគ១.០០០លានដុល្លារ ដើម្បីពង្រីកសេវាអ៊ីនធឺណិតនៅទ្វីបអាហ្វ្រិក

0

សុខុម

អាហ្វ្រិក: ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសកាលពីថ្ងៃពុធ ទី៦ តុលា ថា ខ្លួននឹងបោះទុនវិនិយោគ១.០០០លានដុល្លារអាមេរិក ដើម្បីពង្រីកការគ្របដណ្ដប់សេវា អ៊ីនធឺណិត និងជំរុញអាជីវកម្មចាប់ផ្ដើមថ្មី (Start-up) នៅអាហ្វ្រិក ខណៈទីផ្សារនេះមានយុវជនប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនកាន់តែច្រើនឡើងជាលំដាប់។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៧ តុលា ឱ្យដឹងថា ការវិនិយោគដែលមានរយៈពេល៥ឆ្នាំនេះ រួមបញ្ចូលទាំងការចំណាយលើបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ Equiano របស់ក្រុមហ៊ុន Google ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធឯកជនដ៏ធំមួយដែលមានគោលបំណងបង្កើនការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿននៅអាហ្វ្រិក ផងដែរ។

លោក Nitin Gajria ប្រធានក្រុមហ៊ុន ថា ប្រចាំទ្វីបអាហ្វ្រិក បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “នៅពេលគិតដល់បេសកកម្មរបស់យើងក្នុងនាមជាក្រុមហ៊ុនឯកជនមួយ យើងនិយាយអំពីការរៀបចំព័ត៌មានរបស់ពិភពលោក និងធ្វើឱ្យមនុស្សអាចប្រើប្រាស់វាបានជាសកលដើម្បីនាំមកនូវផលប្រយោជន៍”។

លោកបានបន្ថែមទៀតថា “យើងមិនអាចសម្រេចបេសកកម្មជាសកលនេះបានឡើយ ប្រសិនបើមិនអាចផ្ដល់សេវាអ៊ីនធឺណិតដល់ប្រជាជន១,៣ពាន់លាននាក់នៅទ្វីបអាហ្វ្រិក ដោយប្រសិទ្ធភាពបានទេនោះ”។

លោកបានបញ្ជាក់ថា ទ្វីបអាហ្រ្វិក មាន “ប្រជាជន៣០០លាននាក់ប្រើប្រាស់អ៊ីនធឺណិតនៅពេលបច្ចុប្បន្ន ហើយតាមការរំពឹងទុកចំនួនអ្នកប្រើប្រាស់នឹងកើនឡើង៣០០លាននាក់បន្ថែមទៀតនៅ៥ឆ្នាំក្រោយ។ វាជាការវិវឌ្ឍនៃបច្ចេកវិទ្យាដ៏គួរឱ្យទាក់ទាញខ្លាំងស្ទើរមិនគួរឱ្យជឿ”។

យោងតាមធនាគារពិភពលោក (World Bank) ឱ្យដឹងថា ភាពគួរឱ្យជឿទុកចិត្តបានផ្នែកអ៊ីនធឺណិតគឺជាបញ្ហាមួយដែលកើតមាននៅអាហ្វ្រិក ដែលប្រជាជនតិចជាង១ភាគ៣មានអ៊ីនធឺណិតល្បឿនលឿនប្រើប្រាស់។

ទោះជាយ៉ាងណា ទ្វីបដែលប្រជាជនជិតពាក់កណ្តាលមានអាយុក្រោម១៨ឆ្នាំនេះគឺជាទីផ្សារដ៏មានសក្ដានុពលខ្លាំង៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here