ទីស្ដីការគណរដ្ឋមន្ត្រីចាប់ផ្ដើមធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការកំណត់សញ្ញាតិតែមួយចំពោះថ្នាក់ដឹកនាំកំពូលទាំង៣

0

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ដើម្បីបញ្ជាក់កាន់តែច្បាស់ ទៅប្រជាពលរដ្ឋ និងដើម្បីបញ្ចៀសពីការជ្រៀតជ្រែងពីបរទេសលើកិច្ចការជាតិ ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមតាក់តែងសេចក្ដីព្រាងច្បាប់ ដើម្បីកំណត់សញ្ញាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូល ។

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងពិនិត្យលើការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីហេតុផលសំខាន់ចំនួន២គឺ សម្តេចគ្មានសញ្ជាតិពីរដូចការចោទដោយក្រុម ឧទ្ទាមក្រៅច្បាប់ និងដើម្បីបញ្ចៀសការជ្រៀតជ្រែករបស់បរទេសលើកិច្ចការជាតិ ក៏ដូចជាបង្ហាញនូវភក្តីភាពសម្រាប់ជាតិរបស់មេដឹកនាំ នៃស្ថាប័នកំពូលរបស់ជាតិ។

សម្តេចតេជោបន្ថែមថា ការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយនេះ និងធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញក្នុងល្បឿនលឿន បែបនេះ ជាការបញ្ជាក់នូវល្បឿនការងាររបស់គណៈរដ្ឋមន្ត្រីកម្ពុជា ដែលធ្វើការងារដោយមិនសម្រាក ហើយដើម្បីបញ្ជាក់ពីសញ្ជាតិរបស់ សម្តេច ។ សម្តេចបញ្ជាក់ថា ទៅថ្ងៃមុខ កម្ពុជានឹងត្រូវធ្វើការកំណត់ឱ្យកាន់តែទូលាយ ពីសញ្ជាតិរបស់មន្ត្រីខ្មែរ ប៉ុន្តែនឹងមិនមានការកំណត់សញ្ជាតិ ឋានៈឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬអនុប្រធានរដ្ឋសភា ព្រឹទ្ធសភានោះទេ ដើម្បីទុកផ្លូវឱ្យខ្មែរនៅក្រៅប្រទេស បាន ចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។

សម្ដេចបន្ថែមទៀតថា ហេតុអ្វីបានជាមិនហ៊ានយកសញ្ជាតិតែមួយ ហើយមកចង់ដណ្តើមយកកៅអី ហើយកន្លែងនេះ វាទំនាស់ផលប្រយោជន៍ ការជ្រៀតជ្រែកពីបរទេស ទៅលើតំណែងដ៏សំខាន់នេះ គឺវាអាចកើតមានច្បាស់ ព្រោះអ្នកមានសញ្ជាតិពីរត្រូវបង់ពន្ធឱ្យនៅក្រៅប្រទេស ហើយគេអាចកំញើញថា បើមិនធ្វើតាមគេ ទ្រព្យសម្បត្តិរបស់អ្នកឯងនៅក្រៅប្រទេស គេនឹងរឹបអូស ឬអ៊ីចេះអ៊ីចុះ ដូច្នេះនៅក្រោម ឥទ្ធិពលគេ ។

ហើយតាមមតិការស្ទង់មតិសូម្បីតែលោកបណ្ឌិតសេង សារី ដែលធ្វើសម្ភាសន៍ថាគាត់ គាត់ចងក្រងឋានៈចាប់ពីអនុរដ្ឋលេខា ធិការឡើងទៅ បានសេចក្តីថាមន្ត្រីមុខងារនយោបាយគឺគ្រប់ទាំងអស់ ទុកតែមន្រ្តីសាធារណៈ។ ប៉ុន្តែបើយើងធ្វើអ៊ីចឹងវានឹងប៉ះពាល់ទៅដល់បងប្អូនដទៃទៀត ដែលបង្ខំរត់ភៀសខ្លួនចេញទៅក្រៅប្រទេស ហើយបានទៅនៅបរទេស ត្រឡប់ចូលមកវិញ ដើម្បីរួមចំណែកកសាងប្រទេសក្នុងឋានៈជាមន្ត្រីថ្នាក់នេះឬថ្នាក់នោះ ប៉ុន្តែបើយើងបិទច្រករបៀបនេះគឺវាជាភាព ចង្អៀតចង្អល់មួយ ។ ខណៈប្រទេសរបស់យើងខុសពីប្រទេសដទៃ ប្រទេសដ៍ទៃសូម្បីតែសាំងហ្គាពួរបើចង់ចូលសញ្ជាតិសាំងហ្គាពួរ ត្រូវលាសញ្ជាតិខ្មែរ សម្ដេចនឹងចុះហត្ថលេខាស្នើបញ្ជាក់អំពីបញ្ហាហ្នឹង។ ប៉ុន្តែយើងទុកឱកាសសម្រាប់ឱ្យអ្នកដែលមានសញ្ជាតិពីរ អាចធ្វើបាន ជារដ្ឋមន្ត្រី ជាទេសរដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី ជាអនុប្រធានសភា អនុប្រធានព្រឹទ្ធសភា ។

ដូចនេះខ្ញុំនឹងរង់ចាំមើលអ្នកណាប្រឆាំង នឹងការធ្វើដូចនេះ អ្នកនោះគឺមានបំណងចង់ធ្វើនាយករដ្ឋមន្ត្រីឬគាំទ្រអ្នកធ្វើនាយករដ្ឋមន្ត្រី ។

ការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមទាក់ទងនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញនេះ បានធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានផ្សព្វផ្សាយចោទប្រកាន់ ថាសម្តេចតេជោ ហ៊ុន សែន បានទិញសញ្ជាតិពីប្រទេសស៊ីព្រ (Cyprus)។ ក្រោយមានការបំភ្លៃបែបនេះ សម្តេចតេជោ ហ៊ុន សែន បានប្រគល់ការងារឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយគត់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here