សុខុម
សេអ៊ូល: ក្រុមគ្រួសារសពលោក Lee Kun-hee ប្រធានក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung គ្រោងលក់ភាគហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានតម្លៃ២ទ្រីលានវ៉ុន (១,៦ពាន់លានដុល្លារអាមេរិក) ដើម្បីប្រមូលលុយមកបង់ពន្ធមរតក។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃសៅរ៍ ទី៩ តុលា នេះ។
យោងតាមឯកសារផ្លូវការបង្ហាញថា លោកស្រី Hong Ra-hee ដែលជាភរិយារបស់លោក Lee Kun-hee គ្រោងលក់១៩,៩លានភាគហ៊ុននៅក្នុងក្រុមហ៊ុន Samsung Electronics Co ដែលមានតម្លៃប្រមាណ១,៤ទ្រីលានវ៉ុន (១,១៧ពាន់លានដុល្លារអាមេរិក)។
ភាគហ៊ុនទាំងនេះមានចំនួនស្មើប្រមាណ០,៣៣%នៃតម្លៃក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក។
ឯកសារដដែលបញ្ជាក់ថា ការលក់ភាគហ៊ុននេះធ្វើឡើងដើម្បីប្រមូលលុយយកមក “បង់ពន្ធមរតក”។ លោក Lee Kun-hee ដែលជាបុរសមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសកូរ៉េខាងត្បូង បានបន្សល់ទុកទ្រព្យសម្បត្តិសុទ្ធច្រើនរហូតដល់ទៅ២៦ទ្រីលានវ៉ុន (២១,៧ពាន់លានដុល្លារអាមេរិក) ដោយរួមទាំងភាគហ៊ុនតម្លៃ១៩ទ្រីលានវ៉ុន (១៥,៨៨ពាន់លានដុល្លារអាមេរិក) ផងដែរ ក្រោយពីលោកទទួលមរណភាពកាលពីឆ្នាំ២០២០ ក្នុងឆ្នាំ៧៨ឆ្នាំ។
ក្នុងចំណងអាពាហ៍ពិពាហ៍ លោកមានកូនចំនួន៣នាក់ ដោយក្នុងនោះកូនប្រុសម្នាក់ឈ្មោះ Jae-yong និងកូនស្រី២នាក់ឈ្មោះ Boo-jin និង Seo-hyun។
នៅពេលដំណើរការលក់ភាគហ៊ុននេះត្រូវបានបញ្ចប់ជាស្ថាពរ ភាគហ៊ុនរបស់លោកស្រី Hong Ra-hee នឹងធ្លាក់ចុះពីចំនួន២.៣%នាពេលបច្ចុប្បន្នមកនៅត្រឹម១,៩៧%។
កូនស្រីឈ្មោះ Boo-jin ដែលជាប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀត Hotel Shilla Co ក៏បានប្រកាសតាមរយៈឯកសារផ្លូវការដែរថា លោកស្រីមានគម្រោងលក់ភាគហ៊ុនដែលមានតម្លៃ២៤២.២ពាន់លានវ៉ុន (២០២លានដុល្លារអាមេរិក) នៅក្នុងក្រុមហ៊ុន Samsung SDS Co។
ទន្ទឹមនេះកូនស្រីម្នាក់ទៀតឈ្មោះ Seo-hyun ដែលជាប្រធានមូលនិធិសុខុមាលភាពសាមសុង (Samsung Welfare Foundation) មានគម្រោងលក់ភាគហ៊ុនតម្លៃ២៤៧.៣ពាន់លានវ៉ុន (២០៦លានដុល្លារអាមេរិក) ក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Samsung Life Insurance Co និងភាគហ៊ុនតម្លៃ២៤២.២ពាន់លានវ៉ុន (២០២លានដុល្លារអាមេរិក) ក្នុងក្រុមហ៊ុន Samsung SDS Co។
ភាគហ៊ុនសរុបបញ្ចូលគ្នាដែលសមាជិកគ្រួសារ Lee លក់មានចំនួនប្រមាណ២,១ទ្រីលានវ៉ុន (១,៧៥ពាន់លានដុល្លារអាមេរិក)។
កាលពីខែមេសា ដើមឆ្នាំ២០២១ នេះសមាជិកគ្រួសារ Lee បានទម្លាយឱ្យដឹងថា ពួកគេមានគម្រោងបង់ពន្ធមរតករហូតដលទៅប្រមាណ១២ទ្រីលានវ៉ុន (១០ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ៕ Yonhap