ដោយៈ សុផារី
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងថៃបានព្រមព្រៀងគ្នា នឹងបើកច្រកទ្វារព្រំដែនស្ទឹងបត់ ដែលភ្ជាប់ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា និងខេត្តស្រះកែវ នៃប្រទេសថៃ ជាបណ្តោះអាសន្ន សម្រាប់ការដឹកជញ្ជូនទំនិញក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាម លោកវ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបញ្ជាក់នៅថ្ងៃទី១១ ខែតុលានេះ។

-->
លោកវ៉ាស៊ីម សុរិយា ថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១១ តុលានេះថា ខាងយើង បានត្រៀមខ្លួនហើយ នៅស្ទឹងបត់ យើងបានបង្កើតអន្តោប្រវេសន៍ផ្លូវការហើយ ខាងគយយើងក៏បានរៀបចំ ជាមន្រ្តីគយពីច្រកទ្វារព្រំដែនប៉ោយប៉ែត ឱ្យមកជួយការងារសិន ព្រោះយើងបើកបណ្តោះអាសន្នទេ។
បើតាមលោក នៅមានហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជា ផ្លូវវាង ទីលានចតរថយន្ត និងកន្លែងត្រួតពិនិត្យ និងស្នាក់នៅរបស់មន្រ្តី ដែលកំពុងសាងសង់នៅឡើយ។
ទោះយ៉ាងណា លោក វ៉ាស៊ីម សុរិយា មិនបានបញ្ជាក់ពីការបរិច្ឆេទនៃការបើកដំណើរការបណ្តោះអាសន្ន ច្រកទ្វារព្រំដែនស្ទឹងបត់ ជាមួយនឹងច្រកទ្វារព្រំដែន បាណងអៀន នៅខាងប្រទេសថៃនោះទេ។
ប៉ុន្តែយោងតាមសារព័ត៌មាននៅប្រទេសថៃ NNT ចេញផ្សាយកាលពីថ្ងៃទី១ ខែតុលា ក្រសួងពាណិជ្ជកម្មថៃ បានយល់ព្រមបើកច្រកទ្វាររួចហើយ ដោយរំពឹងនឹងបើកឆាប់ៗ។
ជាការកត់សម្គាល់ បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងសាងសង់ច្រកទ្វារព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន តម្លៃជាង២៤លានដុល្លារ សម្រេចបានប្រមាណ ២១,០៥ភាគរយហើយ៕