ដោយៈ សុផារី
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការរបស់ប្រទេសជប៉ុន(JICA)បានផ្តល់ជំនួយលើសេវាកម្មទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប ដើម្បីលើកកំពស់សុខភាពរបស់ប្រជាពលរដ្ឋ។
នេះបើសេចក្តីប្រកាសរបស់ទឹកស្វយ័តសៀមរាប និងJICAប្រចាំប្រទេសកម្ពុជា បន្ទាប់ពីក្នុងកិច្ចប្រជុំចុះហត្ថលេខារវាង លោកឃុត វុត្យារិទ្ធ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប និងលោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា ក្នុងកំណត់ត្រានៃកិច្ចពិភាក្សាស្តីពីការអនុវត្ “គម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យដើម្បីទប់ស្កាត់ជំងឺកូវីដ១៩” ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសជប៉ុន នៅថ្ងៃទី១១ ខែតុលា នាការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា។
គម្រោងនេះ មានគោលបំណងលើកកម្ពស់វិធានការ បង្ការជំងឺកូវីដ១៩ តាមរយៈការពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយសុវត្ថិភាពនិងចីរភាព និងលើកកម្ពស់នូវការអនុវត្តការលាងសម្អាតដៃឱ្យកាន់តែប្រសើរឡើង។
ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ គម្រោងនឹងផ្តល់នូវសម្ភារចាំបាច់មានដូចជា ឧស្ម័នក្លរ និងកំបោរ ដើម្បីធានាគុណភាពទឹក ឱ្យស្របតាមស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិ។ ជាងនេះទៅទៀត គម្រោងនេះ ក៏ផ្តល់នូវ នាឡិកាទឹក បំពង់ទឹក និងសម្ភារតំណ ព្រមទាំងឧបករណ៍ផ្សេងៗដល់រដ្ឋាករទឹកស្វយ័តសៀមរាប ដើម្បីធ្វើការពង្រីកសេវាទឹកស្អាតដល់តំបន់ ដែលមិនទាន់មានការផ្គត់ផ្គង់ទឹក ក្នុងសង្កាត់ស្លក្រាម និងសង្កាត់សាលាកំរើក ក្រុងសៀមរាប។
បន្ថែមពីលើការផ្តល់ឧបករណ៍ និងសម្ភារៈគម្រោងនេះក៏អនុវត្តផងដែរ នូវសកម្មភាព លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ នៅក្រុងសៀមរាប ស្តីអំពីសារសំខាន់នៃទឹកស្អាត និងទម្លាប់នៃការលាងសម្អាតដៃ ដើម្បីការពារជំងឺកូវីដ១៩។
សេចក្តីប្រកាសដដែលបានបង្ហាញថា គម្រោងនេះ គឺជាផ្នែកមួយនៃការគាំទ្រក្នុងគ្រាអាសន្នពីរដ្ឋាភិបាលប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងសំណើផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះនឹងត្រូវបញ្ចប់ នៅចុងខែកក្កដា ឆ្នាំ ២០២២ ហើយយើងរំពឹងថាប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់គ្របដណ្តប់របស់គម្រោងខាងលើ និងតំបន់ដែលស្ថិត ក្នុងការផ្តត់ផ្គង់របស់រដ្ឋាករទឹកស្វយ័តសៀមរាប ប្រមាណ៩៣.៤២៦នាក់ នឹងទទួលបានអត្ថប្រយោជន៍។
ការគាំទ្រនេះ ក៏នឹងរួមចំណែកដល់រដ្ឋាករទឹកស្វយ័តសៀមរាប ក្នុងការទ្រទ្រង់ប្រតិបត្តិការផ្គត់ផ្គង់ទឹករបស់ខ្លួន នៅក្នុងគ្រាដែលរដ្ឋាករទឹកស្វយ័តសៀមរាប កំពុងតែជួបការលំបាកជាច្រើនដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
នៅក្នុងវិស័យទឹកស្អាតនិងអនាម័យ JICA គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ហើយបានរួម ចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់។ រហូតមកដល់បច្ចុប្បន្ននេះ គម្រោងសហប្រតិបត្តិការបច្ចេកទេសជាច្រើន ត្រូវបានអនុវត្តជាមួយក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រួមទាំងរដ្ឋាករទឹកតាមបណ្តាខេត្តនានា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋាករទឹកស្វយ័តសៀមរាប។ ជាងនេះទៅទៀត រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាច្រើន ត្រូវបានសាងសង់នៅតាមបណ្តាខេត្តជាច្រើន នៃប្រទេសកម្ពុជា ដោយជំនួយឥតសំណងរបស់ប្រទេសជប៉ុន។
ដោយឡែកនៅក្នុងខេត្តសៀមរាប JICA បានផ្តល់ជំនួយឥតសំណង ដើម្បីសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពចំនួន៨.០០០ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃនិងដំឡើងបំពង់ប្រវែង ៣៦គីឡូម៉ែត្រក្នុងឆ្នាំ២០០៦ ហើយបច្ចុប្បន្ននេះJICA កំពុងផ្តល់ហិរញ្ញប្បទានដល់SRWSA ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាមរយៈការ សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពចំនួន៦០.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងតម្លើងបំពង់មេនិងបំពង់ចែកចាយទឹកស្អាត ប្រវែងប្រហែល២៧០ គីឡូម៉ែត្រ ។ គម្រោងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរួមឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាងមុន ជាពិសេសក្នុងគ្រាជួបការលំបាក៕