សុខុម
វៀងចន្ទន៍: យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅដើមខែតុលា នេះឱ្យដឹងថា ប្រទេសឡាវ មានមហិច្ឆតាធំចង់បង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួននាពេលអនាគតដ៏ខ្លីខាងមុខនេះក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន មួយដែលទើបបង្កើតថ្មី។
សារព័ត៌មានជប៉ុន Nikkei Asia បានចុះផ្សាយថា ប្រទេសដែលជាសមាជិកអាស៊ាន មួយនេះមានបំណងស្វែងយល់អំពីការបោះផ្សាយរូបិយប័ណ្ណឌីជីថល ដោយមានការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន Soramitsu ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ។
ក្រុមហ៊ុនជប៉ុន មួយនេះ និងធនាគារកណ្ដាលឡាវ (Bank of Laos) នឹងចាប់ផ្តើមស្វែងយល់ពីលទ្ធភាពបង្កើតរូបិយប័ណ្ណឌីជីថលនៅខែនេះ បន្ទាប់ពីចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្តីពីការសិក្សាអំពីការបង្កើតរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល។
ប្រទេសឡាវ ជឿជាក់ថា រូបិយប័ណ្ណឌីជីថលនឹងជួយដល់ក្រុមអ្នកបង្កើតគោលនយោបាយនៅក្នុងការប្រមូលទិន្នន័យដើម្បីស្វែងយល់កាន់តែប្រសើរអំពីសេដ្ឋកិច្ច រួមទាំងចំនួនប្រាក់ដែលចរាចរបានគ្រប់ពេលវេលា។
ក្រុមហ៊ុន Soramitsu ក៏ធ្លាប់បានជួយប្រទេសកម្ពុជា រួចមកហើយនៅក្នុងការបង្កើតប្រព័ន្ធទូទាត់ឌីជីថលបាគង (Bakong) របស់ខ្លួនដោយប្រើបច្ចេកវិទ្យា Blockchain ដោយសង្ឃឹមថាវានឹងអាចកាត់បន្ថយការពឹងផ្អែករបស់កម្ពុជា លើរូបិយប័ណ្ណដុល្លារអាមេរិក។
ខណៈប្រទេសចិន កំពុងត្រៀមដាក់ឱ្យដំណើរការរូបិយប័ណ្ណឌីជីថលនៅឆ្នាំក្រោយ ប្រទេសនានានៅក្នុងតំបន់ក៏កំពុងរិះរកវិធីធ្វើដូចគ្នាដែរ។
ទន្ទឹមនេះនៅក្នុងចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើល រដ្ឋាភិបាលឡាវ កាលពីពេលថ្មីៗនេះបានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៦ធ្វើការជួញដូររូបិយប័ណ្ណឌីជីថលចំនួន៩ ខណៈការជួញដូររូបិយប័ណ្ណឌីជីថលសម្រាប់ពលរដ្ឋទូទៅនៅតែត្រូវបានហាមឃាត់៕ Laotian Times៕