ដោយៈកុសមា
ស្ទឹងត្រែងៈ សត្វផ្សោតដែលរស់នៅរមណីយដ្ឋានទេសចរ ព្រះរំកិលខេត្តស្ទឹងត្រែង ស្លាប់ជាបន្តបន្ទាប់ ដែលនៅសល់ផ្សោតតែមួយក្បាលប៉ុណ្ណោះ ដូចនេះទើបមន្ទីទេសចរណ៍ខេត្ត ក៏បានរៀបចំអោយមានសារៈមន្ទីរ សំរាប់តម្កល់ទុកឆ្អឹងផ្សោត ដើម្បីបង្វែរទិសអោយភ្ញៀវទេសចរ ទស្សនាសំណាកឆ្អឹងផ្សោតជំនួសវិញ។
យោងតាមគេហទំព័រមានរបស់មន្ទីរព៌តមានទេសចរណ៍ខេត្តស្ទឹងត្រែង ដែលមានលោកអ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា “បើយើងមិនថែរក្សា និងអភិរក្សសំណាកឆ្អឹងសត្វ ផ្សោតនេះទេ រមណីយដ្ធានទេសចរណ៍មួយនេះ នឹងឈានទៅបាត់បង់ទៅថ្ងៃអនាគត”។
លោកបន្តថា ថវិកាក្នុងការអភិរក្សគឺបានទទួលពីមន្ទីរទេសចរ និងបានពីអង្គការជាដៃគូរ និងសប្បុរសជននានា បានរៀបចំជាបណ្ណាល័យមួយដើម្បី ទុកដាក់ឆ្អឹងសត្វផ្សោតនេះឲ្យឋិតឋេរគង់វង្សក្នុងការបំរើជីវភាព ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ។
ជាមួយគ្នានេះ លោកផយ វណ្ណា សមាជិកសហគមន៍រមណីយដ្ឋាន សត្វផ្សោតព្រះរំកិល បានគាំទ្របានគំនិតផ្ដួចផ្ដើមនេះ ហើយលោកនឹងប្រឹងប្រែងអនុវត្តតាមការណែនាំ និងអំពាវនាវរកអ្នក បរិច្ចាគថវិកាបន្ថែម សម្រាប់យកមកទិញសម្ភារៈ ដូចជា កញ្ចប់សំរាប់ឆ្អឹងផ្សោតជាដើម។
លោក បន្ថែមថា “នេះជាសមិទ្ធផលថ្មី ផ្ដល់ផលប្រយោជន៍រួមទាំងអស់គ្នា នៅពេលយើងរក្សាបាននូវសំណាកឆ្អឹងសត្វផ្សោត វាជាចំណែកមួយជួយទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្ត នៅតំបន់នេះបាន ក្នុងពេលដែលសត្វផ្សោតក្នុងទឹក ត្រូវស្លាប់បាត់បង់អស់”។
ចំណែកលោក កញ្ញា ថងបាង អាជីវករ លក់ចំណីអាហារនៅតំបន់រមណីយដ្ឋាន បានឱ្យដឹងថា កាលពីដើមឆ្នាំ២០២១ សត្វផ្សោតធំៗបានស្លាប់ចំនួនពីរក្បាល បច្ចុប្បន្ននៅតែមួយក្បាលប៉ុណ្ណោះ។
ការរៀបចំឲ្យមានបណ្ណាល័យអភិរក្សឆ្អឹងសាកសពនេះ ជាចំណុចមួយថែរក្សា នៅតំបន់អេកូទេសចរណ៍ សត្វផ្សោតព្រះអង្គអោយមាននិរន្តភាព ដើម្បីបម្រើវិស័យទេសចរណ៍ ក្នុងឃុំព្រះរំកិលនេះកុំឲ្យបាត់បង់ តំបន់អេកូទេសចរណ៍ មួយនេះបានកើនឡើងជាង ២០ឆ្នាំមកហើយក្រោមការឧបត្ថម្ភរបស់ អង្គការម្លប់បៃតង និងអង្គការស៊ីប៉ា និងអាជ្ញាធរមូលដ្ឋាន ដែលបានផ្ដួចផ្ដើមឡើងក្រោមការជួយគាំទ្រ ពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង៕