ដោយ : ដែន ចែងចាំង
ភ្នំពេញ : ប្រទេសថៃជាថ្មីម្តងទៀតបាន និងកំពុងពង្រីកឥទ្ឋិពលពាណិជ្ជកម្មរបស់ខ្លួនជាថ្មី តាមរយៈការព្រឹត្តិការណ៍លក់បញ្ចុះតម្លៃទាបបំផុតនៃផលិតផលខ្លួន ដែលពួកគេអះអាងថាជាផលិតផលមានគុណភាព។
នាយកប្រតិបត្តិ Maga Sale លោក Thanawat Maneekornjongsiriបានមានប្រសាសន៍ឲ្យដឹង ក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍តាំងពិព័រណ៍បញ្ចុះតម្លៃទាបបំផុតប្រចាំឆ្នាំ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះថា ការរៀបចំតាំងពិព័រណ៍ដាក់បង្ហាញនិងលក់ផលិតផលថៃ ដែលមានគុណភាពខ្ពស់នេះជាលើកទី២ហើយ ក្នុងការពង្រីកធុរៈកិច្ចនៅកម្ពុជា។ ជាពិសេសការពង្រីកទំនាក់ទំនងរវាងក្រុមអាជីករថៃ និងកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមកលើវិស័យពាណិជ្ជកម្ម ជាពិសេសការផ្តល់ទំនិញដែលមានគុណភាព។
-->

ព្រឹត្តិការណ៍តាំងពិព័រណ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ។
លោក Sutas Thanasiriripreeda នាយកប្រតិបត្តិផ្នែកលក់ Maga Sale បានឲ្យដឹងថា ព្រឹត្តិការណ៍រៀបចំតាំងពិព័រណ៍ឆ្នាំ២០១៨នេះ គ្រោងរៀបចំចាត់ចែងជា៣ផ្នែកផ្សេងគ្នា ក្នុងនោះផ្នែកទី១ មានផលិតផលថៃគ្រប់មុខ រួមមានស្បែកជើង ការបុបស្បែក សម្លៀកបំពាក់ របស់ប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបករណ៍អគ្គិសនី ។ ផ្នែកទី២ មានរៀបចំចំណីអាហារជាច្រើនមុខ ច្រើនប្រភេទ តាមរសជាតិអាហារថៃ ជាអាហារមានគុណភាព ដូចជាអាហារកំប៉ុង សាច់ជ្រូក អាំង សាច់ក្រក ប្រហិត សាច់ជ្រូក សាច់ត្រីជាដើម ។ ចំណែកផ្នែកទី៣ នឹងដាក់តាំងផលិតផលគ្រឿងសំអាង ដោយមានគ្រឿងសំអាងម៉ាកល្បីៗជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ទំហំពាណិជ្ជកម្មកម្ពុជា ថៃកាលពីឆ្នាំមុនសម្រេចបានជាង៦០០០លានដុល្លារអាមេរិក ហើយប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរមានគោលដៅពង្រីក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យបាន១៥ពាន់លានដុល្លារនៅឆ្នាំ២០២០ខាងមុខ។
ទោះជាយ៉ាងណាមានអ្នកពេញចិត្ត និងអ្នកមិនពេញចិត្តចំពោះការវាយលុកទំនិញមកពីប្រទេសថៃ។
SONY DSC
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍រិះគន់ក្រសួងពាណិជ្ជកម្ម ដែលបន្តអនុញ្ញាត្តឲ្យទំនិញថៃវាយលុកទីផ្សារកម្ពុជា ដែលលោកអះអាងថា ពាណិជ្ជករនៅតាមបណ្តាខេត្តបានព្រួយបារម្ភពីអាជីវកម្មរបស់ពួកគេ ដោយសារផលិតផលថៃ មិនត្រឹមតែវាយលុកនៅទីក្រុងទេ ប៉ុន្តែបានវាយលុកដល់ទីជនបទ តាមរយៈការដឹកជញ្ជូនទំនិញតាមរថយន្តនានាដល់បណ្តាស្រុក នៅទូទាំងប្រទេស។
លោកបន្តថា “ទីផ្សារសេរី សមាហរណកម្មអាស៊ានយើងទទួលស្គាល់ ប៉ុន្តែយើងពិបាកនាំចេញទៅគេ តែគេវិញនាំចេញមកកម្ពុជាបានយ៉ាងងាយស្រួល”។លោកបន្តថា “គេដាក់ពន្ឋទំនិញ និងរបាំងនានាដើម្បីទប់ស្កាត់ការនាំចូលពីកម្ពុជា ហេតុនេះយើងគួរមានរបាំងផងដែរ ដើម្បីធ្វើឲ្យទំហំពាណិជ្ជកម្មមានតុល្យភាពខ្លះ”។
ការពិតទំហំពាណិជ្ជកម្មកម្ពុជាកាលពីឆ្នាំមុន ថៃបាននាំចូលកម្ពុជាជាង៥០០០លានដុល្លារ តែកម្ពុជានាំចូលប្រទេសថៃ មានទំហំទឹកប្រាក់ប្រមាណ៩០០លានដុល្លារអាមេរិកប៉ុណ្ណោះ៕