ដោយៈសុខុម
តៃប៉ិ: យោធារបស់មហាយក្សចិន កាលពីថ្ងៃអាទិត្យ ទី១៧ តុលា បានថ្កោលទោសសហរដ្ឋអាមេរិក និងកាណាដា ធ្ងន់ៗចំពោះការបញ្ជូននាវាចម្បាំងរបស់ខ្លួន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ឬ Taiwan Strait កាលពីមួយសប្តាហ៍មុននេះ ហើយអះអាងថា ប្រទេសទាំង២ កំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ប្រទេសចិន តែងតែអះអាងរហូតមកថា កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ ជាផ្នែកមួយនៃដែនដីរបស់ខ្លួន និងបានបញ្ជូនយន្តហោះចម្បាំងចូលទៅក្នុងតំបន់ការពារដែន អាកាសរបស់តៃវ៉ាន់ម្តងហើយម្តងទៀត ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ ផ្ទុះកំហឹងយ៉ាងខ្លាំង។
ប្រទេសចិន បានបញ្ជូនយន្តហោះចម្បាំងប្រហែល១៥០គ្រឿង ចូលទៅក្នុងតំបន់ខាងលើនេះរយៈពេល៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១ តុលា ដល់ថ្ងៃទី៤ តុលា ហើយទង្វើនេះបានបង្កភាពតានតឹងកាន់តែខ្លាំង រវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងតៃប៉ិ ដែលបានធ្វើឱ្យអន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង។
ជុំវិញបញ្ហានេះ យោធាអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា នាវាពិឃាតរបស់ខ្លួនធុន USS Dewey ដែលបំពាក់មីស៊ីលនាំផ្លូវឈ្មោះ Arleigh Burke បានធ្វើដំណើរឆ្លងកាត់ផ្លូវទឹកតូចចង្អៀត ដែលខណ្ឌចែកកោះតៃវ៉ាន់ ពីប្រទេសចិន រួមជាមួយនាវាចម្បាំង HMCS Winnipeg របស់កាណាដា កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ កន្លងទៅ។
យោធាសហរដ្ឋអាមេរិកបានបន្ថែមថា “ការឆ្លងកាត់របស់នាវា Dewey និងនាវា Winnipeg កាត់តាមច្រកសមុទ្រតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូរបស់យើង ចំពោះការរក្សាការពារតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឱ្យមានលក្ខណៈសេរី និងបើកចំហ”។
ជាការឆ្លើយតបយោធាចិន បានចេញសេចក្ដីថ្លែងការណ៍ថា “សហរដ្ឋអាមេរិក និងកាណាដា បានឃុបឃិតគ្នាដើម្បីបង្កបញ្ហា ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។ តៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន។ កងទ័ពចិន តែងតែរក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់ និងប្រឆាំងដាច់ខាតចំពោះរាល់ការគំរាមកំហែង និងការបង្កហេតុ”។
នាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានឆ្លងកាត់ច្រកសមុទ្រនេះ ប្រចាំខែ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងឆេះដុំ ហើយចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា បានបង្កភាពតានតឹងក្នុងតំបន់។ ម្ដងម្កាលផងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏បញ្ជូននាវាចម្បាំងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រនេះ ហើយក្នុងនោះរួមទាំងប្រទេសអង់គ្លេស ដែលបានបញ្ជូននាវាចម្បាំងកាលពីខែមុនផងដែរ៕ Reuters៕