ដោយៈ សុផារី
ភ្នំពេញៈ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០.០០០រៀលគំរូថ្មី ដើម្បីដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ ដែលបានចេញផ្សាយរួចហើយ។
ក្រដាសប្រាក់៣ម៉ឺនរៀលថ្មីនេះ បានរំលេចនូវព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ នាឱកាសកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងរូបសំខាន់៤ទៀត នៅផ្ទៃខាងក្រោយនៃក្រដាសប្រាក់គឺរូបសម្ដេចសីហនុ “ព្រះបរមរតនកោដ្ឋ” ចាប់ដៃជាមួយសម្ដេចតេជោ លើកឡើងលើនាឱកាសនៃការយាងនិវត្តន៍មកកាន់មាតុភូមិវិញ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ រូបវិមានឯករាជ្យនៅរាជធានីភ្នំពេញ ប៉មអេហ្វែលនៅទីក្រុងប៉ារីស និងរូបនៃសន្នីសីទនៃការចុះកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីសឆ្នាំ១៩៩១ផងដែរ។






