ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្មបានឲ្យដឹងថា កម្ពុជាទាក់ទាញគំរោងវិនិយោគលើវិស័យ ឧស្សាហកម្មចំនួន១៨៤៣ ជាមួយទុនវិនិយយោគជាង១៣ពាន់លាដុល្លារ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីគម្រោងវិនិយោគឧស្សាហកម្មថ្មីចំនួន១២៤ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ។
លោកហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា នៅថ្ងៃទី ១៨ ខែតុលានេះថា ចំនួនរោងចក្រឧស្សាហកម្ម ដំណើរការនាពេលបច្ចុប្បន្ន មានសរុប១៨៤៣រោងចក្រ ដែលមានទុនវិនិយោគសរុប ១៣,៣៤១លានដុល្លារ។
ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់លំអិតថា តើគំរោងវិនិយោគនេះបានចាប់ផ្តើមពីឆ្នាំណា និងរហូតមកទល់ពេលណានៅឡើយទេ។
លោកបន្តថា បរិមាណនាំចេញរបស់រោងចក្រឧស្សាហកម្ម ទៅក្រៅប្រទេស មានទឹកប្រាក់សរុប៣០៥៧ លានដុល្លារ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក មានតម្លៃសរុប១ ១២៣ លានដុល្លារ។
ទោះយ៉ាងណា លោកមិនបានបញ្ជាក់ពីចំនួនរោងចក្របិទទ្វារ ក្នុងរយៈពេល៩ខែឆ្នាំទេ។
លោកហេង សុខគង់បានលើកឡើងថា ការចុះបញ្ជីរោងចក្រឧស្សាហកម្មថ្មីៗ គឺឆ្លុះបញ្ជាំងពីទំនុកវិនិយោគិននៅកម្ពុជា ជាពិសេសភាពស៊ាំក្នុងសង្គមនឹងជំងឺកូវីដ១៩ ដែលកម្ពុជាចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ៕