ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook មានគម្រោងប្ដូរឈ្មោះថ្មីនៅសប្ដាហ៍ក្រោយ? 

0

ដោយ៖ សុខុម

អន្តរជាតិ: ប្លក់ (Blog) បច្ចេកវិទ្យាមួយរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា The Verge បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៩ តុលា ថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook មានគម្រោងប្ដូរឈ្មោះ​របស់ខ្លួននៅសប្ដាហ៍ក្រោយ ដើម្បីឆ្លុះបញ្ចាំងពីការផ្ដោតសំខាន់របស់ខ្លួនលើការបង្កើតពិភពសិប្បនិមិត្ត Metaverse។

ប្លក់ The Verge បានចុះផ្សាយដោយដកស្រង់ប្រភពស្និទ្ធនឹងរឿងនេះថា លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook មានគម្រោងជជែកអំពីការផ្លាស់ប្តូរឈ្មោះថ្មីនេះក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅថ្ងៃទី២៨ តុលា។

Metaverse គឺជាពិភពសិប្បនិម្មិតដែលអាចឱ្យយើងចូលលេងទីនោះបានតាមរយៈការភ្ជាប់អ៊ីនធឺណិត និងពាក់វែនតាបច្ចេកវិទ្យារបស់ VR (Virtual Reality) ។ ពេលភ្ជាប់រួចរាល់ហើយ វានឹងធ្វើឱ្យមនុស្ស២នាក់ដែលនៅកន្លែងផ្សេងគ្នាមានអារម្មណ៍ហាក់ដូចជួបគ្នាគ្នាដោយផ្ទាល់យ៉ាងអស្ចារ្យ ទោះបីជាពួកគេនៅឆ្ងាយពីគ្នាចម្ងាយរាប់ពាន់គីឡូម៉ែត្រក្ដី។

ប្លក់ដដែលបានបន្ថែមទៀតថា ការផ្លាស់ប្តូរឈ្មោះ ឬម៉ាកយីហោនេះទំនងជានឹងដាក់ App ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រុមហ៊ុន Facebook ជាផលិតមួយស្ថិតក្នុងចំណោមផលិតផលជាច្រើនដែលស្ថិតក្រោមក្រុមហ៊ុនមេតែមួយដែលគ្រប់គ្រងលើ Instagram, WhatsApp, Oculus និងជាច្រើនទៀត។

ទោះជាយ៉ាងណា ក្រុមហ៊ុន Facebook និយាយថា ខ្លួនមិនធ្វើអត្ថាធិប្បាយឡើយជុំវិញពាក្យចចាមអារាម ឬការប៉ាន់ស្មានណាមួយឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here