រដ្ឋាភិបាលបង្ហាញសក្ដានុពលវិនិយោគដល់ធុរជននៃប្រទេសស្វីស

0

         ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាបានបង្ហាញពីបទពិសោធន៍ និងសក្ដានុពលវិនិយោគរបស់ខ្លួនទៅកាន់ធុរជន នៃទីក្រុងហ្ស៊ឺណែវប្រទេសស្វីស នៅក្នុងព្រឹត្តិការណ៍រួមនៃវេទិកាវិនិយោគពិភពលោក កាលពីពេលថ្មីៗកន្លងទៅនេះ។

ថ្លែងក្នុងវេទិកាវិនិយោគពិភពលោកឆ្នាំ២០២១ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញពីបទពិសោធន៍របស់កម្ពុជា ក្នុងការជំរុញការវិនិយោគ ប្រកបដោយចីរភាព។

លោកមានប្រសាសន៍ថា “ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ចីរភាព នៅក្នុងច្បាប់វិនិយោគថ្មី ដែលក្របខ័ណ្ឌការលើកទឹកចិត្តឆ្លាតវៃ ត្រូវបានដាក់បញ្ចូលនៅក្នុងច្បាប់វិនិយោគថ្មីនេះ ដើម្បីទាក់ទាញការវិនិយោគប្រកប ដោយចីរភាពបន្ថែមទៀត មកកាន់ព្រះរាជាណាចក្រកម្ពុជា”។

លោកបន្តថា ឆ្នាំនេះ កម្ពុជាបានដាក់ឱ្យដំណើរការ នូវប្រព័ន្ធទិន្នន័យសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់អភិវឌ្ឍន៍ដោយចីរភាព (https://sd2.cdc.gov.kh) ដើម្បីជួយសម្រួលដល់ការវិនិយោគ ដែលសម្រេចបាននូវគោលដៅចីរភាព។វិនិយោគិនអាចចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនក្នុងស្រុកកំពុងប្រតិបត្តិការ ដែលការពារបរិស្ថាន សម្រេចបានគោលដៅយេនឌ័រ និងផ្តល់ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍន៍ជំនាញ។ ប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក។

លោកសុខ ចិន្តាសោភាបានបន្តថា លោកបានមើលឃើញសក្តានុពលនេះជាមួយនឹងការស្ទុះឡើងនៃការទិញ និងការរំលាយបញ្ចូលគ្នានៅទូទាំងពិភពលោក ដែលគ្រាន់តែ ក្នុងឆមាសទីមួយនៃឆ្នាំ២០២១ មានចំនួនលើសពីឆ្នាំ២០២០រួចទៅហើយ ។

រដ្ឋាភិបាលនៅតែបន្តស្វាគមន៍វិនិយោគិន មកពីគ្រប់ទិសទីចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយកម្ពុជាក៏បានត្រៀមក្រុមការងារជំនាញ ដើម្បីស្វាគមន៍និងរៀបចំ ដំណើរការវិនិយោគជូនវិនិយោគិនទាំងនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here