ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនOCICបានថ្លែងឲ្យដឹងថា ស្ពានឆ្លងកាត់តភ្ជាប់ពីទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាសម្រេចបានល្អប្រសើរ ជាមួយនឹងការសាងសង់ជើងតាងសម្រេចបាន៣៦ភាគរយហើយ។
លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២០ តុលានេះថា ការសាងសង់ជើងតាមបានបញ្ចប់ហើយ ដែលវាចាការងារនៅក្នុងទឹក ហេតុនេះនៅពេលយើងបញ្ចប់ការងារនេះ ក្រុមអ្នកសាងសង់លែកបារម្ភពីកម្រិតទឹកទៀតហើយ មានន័យថា ពួកគេអាចធ្វើការងារបានលឿនជាងមុន។
លោកបន្តថា “ទោះជាយ៉ាងណាការបញ្ចប់កាតរសាងសង់ស្ពាននេះ ត្រូវការរយៈពេលវែងបន្ថែមទៀត ដោយស្ពាននេះគ្រោងនឹងបញ្ចប់ នៅខែតុលាឬវិច្ឆិកាឆ្នាំ២០២៣ខាងមុខ”។លោកបន្តថា “ស្ពាននេះមានបណ្តោយប្រមាណ៥០០ម៉ែត្រ និងចំណាយថវិកាសាងសង់អស់ប្រមាណ៣៨លានដុល្លារអាមេរិក”។
លោកទូច សំណាងបានបន្តថា ចំណែកស្ពានមួយទៀត មានប្រវែង៥៥ម៉ែត្រតភ្ជាប់ពីទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១ នឹងញ្ចប់មុនស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា។ ស្ពាននេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខនេះ។
ទីក្រុងកោះនរាមានទំហំផ្ទៃដី១២៥ហិកតា ដែលជាទីក្រុងថ្មីមួយវិនិយោគដោយក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកOCIC ដែលការចំណាយសាងសង់ហេដ្ឋារចនាសម្ព័ន្ឋអស់ប្រមាណ២៥០០លានដុល្លារ។
អ្នកឧកញ៉ាពុង ឃាវសែអគ្គនាយកក្រុមហ៊ុនOCICបានថ្លែងក្នុងពិធីបើកការដ្ឋានសម្ភោធសាងសង់ស្ពានខាងលើ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាថា នៅពេលទីក្រុងនេះសាងសង់ចប់ ក្រុមហ៊ុនអាចផ្តល់ចំណូលពន្ឋដល់រដ្ឋាភិបាលប្រមាណ២៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕