ដោយៈ សុផារី
ភ្នំពេញៈ ការទិញខុនដូអាចជាការវិនិយោគធំបំផុតមួយ ដែលអ្នកមិនសូវប្រាកដចិត្ត និងមានភ័យខ្លាចក្នុងការសម្រេចចិត្តទិញ ក្រុមហ៊ុនCBRE Cambodia បានចែក រំលែកចំណុចសំខាន់ៗ ដែលអាចជួយអ្នកក្នុងការសម្រេចចិត្ត មុនពេលធ្វើការកក់ឬទិញខុនដូ។
១. ទីតាំង
នៅពេលទិញខុនដូទីតាំង គឺជាមូលដ្ឋានសំខាន់បំផុត។ ប្រសិនបើអ្នកកំពុងសម្លឹងមើលតំបន់ ដែលមានការអភិវឌ្ឍល្អរួចមក តម្លៃចាប់ផ្តើមប្រាកដជាខ្ពស់ជាងតំបន់ ដែលទើបតែចាប់ផ្តើមអភិវឌ្ឍថ្មីៗ។
អ្នកគួរស្វែងរកព័ត៌មាន ឱ្យបានច្រើនទាក់ទងនឹងទីតាំងគម្រោងខុនដូនានា ទូទាំងទីក្រុង ដែលផ្តល់នូវតម្លៃតាមកញ្ចប់ថវិការតបស់អ្នក។ ម៉្យាងទៀត អ្នកអាចជូបពិភាក្សាជាមួយភ្នាក់ងារដែលមានបទពិសោធន៍ ដែលអាចផ្តល់ទិន្នន័យ និងការណែនាំល្អៗដល់អ្នកបាន។
២. ប្រវត្តិក្រុមហ៊ុនអភិវឌ្ឍន៍
គម្រោងខុនដូថ្មីៗក្នុងទីក្រុងភ្នំពេញ បានចាប់ផ្តើមរីកដុះដាលលឿន គួរឱ្យចាប់អារម្មណ៍ ដោយគ្មានសញ្ញានៃការធ្លាក់ចុះ។
អ្នកគួរដឹងប្រវត្តិនិងភាពល្បីល្បាញ របស់ក្រុមហ៊ុនអភិវឌ្ឍខ្លះៗ ព្រោះវានឹងផ្តល់ឱ្យអ្នកនូវការយល់ដឹងកាន់តែច្បាស់ អំពីគុណភាពសំណង់ ការធ្វើផែនការនិងកាលវិភាគ ការទុកចិត្តរឿងហិរញ្ញវត្ថុ ការអនុលោមតាមច្បាប់រដ្ឋាភិបាល កេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីសំណាក់អ្នកផង។
៣. ការគ្រប់គ្រងខុនដូ ការថែរក្សាខុនដូល្អ គឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់អ្នកគួរយកចិត្តទុកដាក់។
៤. បរិក្ខារនិងការរចនា អ្នកគួរសាកសួរភ្នាក់ងារលក់ នូវសម្ភារនិងការផ្តល់ជូន ដែលខុនដូនឹងផ្តល់ជូន។ ការមានសម្ភារស្រាប់ នឹងផ្តល់នូវភាពងាយស្រយលដល់អ្នក។ ម្យ៉ាងទៀត តម្លៃដែលអ្នកកំពុងចំណាយសម្រាប់ខុនដូភាគច្រើន បញ្ចូលនូវតម្លៃសេវាកម្មទាំងអស់នោះស្រាប់។
៥. ភ្នាក់ងារអចលនទ្រព្យ ត្រូវប្រាកដចិត្តថាអ្នកកំពុងជ្រើសរើសភ្នាក់ងារ ដែលបានចុះឈ្មោះត្រឹមត្រូវនិងអាចទុកចិត្តបាន ហើយស្គាល់ពួកគាត់ ចៀសវាងមានបញ្ហានៅក្នុងថ្ងៃក្រោយ។
៦. ហិរញ្ញវត្ថុ តើអ្នកមានសមត្ថភាព ក្នុងការទិញខុនដូដោយបង់ផ្តាច់ ឬត្រូវបង់រំលោះ។ ប្រសិនបើអ្នកជ្រើសរើសការបង់រំលោះ នោះអ្នកត្រូវប្រាកដចិត្តអំពីចំណូលរបស់អ្នក។ នៅពេលស្នើសុំប្រាក់កម្ចីអ្នកមានជម្រើសពីរ៖
- ជម្រើសទីមួយ ស្នើសុំប្រាក់កម្ចីនៅធនាគារ ដែលជារឿយៗត្រូវការឯកសារច្រើននិងជាដំណើរការច្រើន។
- ជម្រើសទីពីរ ស្នើសុំប្រាក់កម្ចីដោយផ្ទាល់ជាមួយអ្នកអភិវឌ្ឍ។ អ្នកនឹងមានឯកសារតិច ប៉ុន្តែអត្រាការប្រាក់ប្រហែល ជាខ្ពស់ជាងជាមួយធនាគារ។ អត្រាការប្រាក់ ៧% ជាទូទៅត្រូវបានចាត់ទុកថាជាអត្រាការប្រាក់ល្អ។
៧. អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន
ដើម្បីទទួលបានអាជ្ញាប័ណ្ណលក់ អ្នកអភិវឌ្ឍន៍ក៏ត្រូវមានអាជ្ញាប័ណ្ណអភិវឌ្ឍន៍និងមានអាជ្ញាប័ណ្ណសាងសង់ផងដែរ។ អ្នកគួរទិញអចលនទ្រព្យ នៅពេលអ្នកអភិវឌ្ឍន៍ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដលម្បីចៀសវាងការមានបញ្ហាក្នុងថ្ងៃក្រោយ។
៨. រយៈពេល
មានចំណុចពីរដែលត្រូវប្រយ័ត្នគឺ រយៈពេលនៃការសាងសង់ និងរយៈពេលនៃការប្រគល់កម្មសិទ្ធ។
- ប្រសិនបើខុនដូមិនទាន់ត្រូវបានសាងសង់ គួរសួរអំពីរយៈពេលនៃគម្រោងទាំងមូល ហើយថ្លឹងថ្លែងមើលថា តើវាសមហេតុផលដែរឬទេ។ ឧទាហរណ៍ បើពួកគេមានគម្រោងចំណាយពេលសាងសង់ខុនដូប្រាំជាន់ ចំណាយពេលប្រាំឆ្នាំ នោះអ្នកគួរតែពិចារណាឡើងវិញ។
- ប្រសិនបើវាកំពុងសាងសង់ តើគម្រោងនេះទាន់ពេលវេលា ឬត្រូវពន្យារពេល? អ្នកក៏គួរសួរថា តើអ្នកនឹងទទួលបានការបញ្ចុះតម្លៃប្រភេទណា ប្រសិនបើគម្រោងមិនត្រូវបានប្រគល់ឱ្យទាន់ពេលវេលា?។
៩. លទ្ធភាពលក់ចេញ
សួរភ្នាក់ងារលក់ តើមានលក្ខខណ្ឌអ្វីខ្លះ ប្រសិនបើអ្នកចង់លក់ខុនដូ? កិច្ចសន្យាខ្លះមិនអនុញ្ញាតឱ្យអ្នកលក់ឡើងវិញទេ រហូតដល់អ្នកបានសងប្រាក់កម្ចីរបស់អ្នកទាំងស្រុង។
១០. ទំហំ
អ្នកគួរពិចារណាទាំងទំហំឯកតា និងទំហំគម្រោង។ អ្នកគួរសាកសួរទំហំទាំងតំបន់ឯកជន និងតំបន់សាធារណៈ/រួម៕