សហរដ្ឋអាមេរិកចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ LNG ដល់មហាយក្សចិន ក្នុងរយៈពេលវែងv

0

ដោយៈសុខុម

សឹង្ហបុរី: ក្រុមហ៊ុននាំចេញឧស្ម័នធម្មជាតិរាវ (LNG) របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថាVenture Global LNG បានចុះកិច្ចព្រមព្រៀងរយៈពេល២០ឆ្នាំចំនួន២ជាមួយក្រុមហ៊ុនរដ្ឋរបស់មហាយក្សចិនSinopec ដើម្បីផ្គត់ផ្គង់ឧស្ម័នLNG ពីរោងចក្រ Plaquemines។ នេះបើយោងតាមឯកសារមួយ ដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងថាមពលរបស់សហរដ្ឋអាមេរិក។

រោងចក្រ Plaquemines ដែលស្ថិតនៅក្នុងរដ្ឋ Lousiana សហរដ្ឋអាមេរិក មានសមត្ថភាពនាំចេញឧស្ម័ន LNG រហូតដល់ទៅ២០លានតោនក្នុងមួយឆ្នាំ ហើយការចុះកិច្ចព្រមព្រៀងនេះ ជាការឈានជើងមួយជំហានទៀត សម្រាប់ក្រុមហ៊ុនខិតកាន់តែជិតដល់ការសម្រេចចិត្តចុងក្រោយ លើការបោះវិនិយោគដែលគេរំពឹងថា នឹងធ្វើឡើងនៅដំណាច់ឆ្នាំនេះ។

ប្រភពច្បាស់ការមួយចេញពីឧស្សាហកម្មហ្គាស ដែលមានមូលដ្ឋាននៅក្រុងប៉េកាំង ប្រទេសចិន បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសចិនក្នុងឆ្នាំនេះ បានវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាអ្នកទិញឧស្ម័ន LNG ច្រើនបំផុតរបស់ពិភពលោក កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងជួញដូរឧស្ម័ន LNG ធំបំផុតរបស់ខ្លួន។

កិច្ចព្រមព្រៀងទាំង២ខាងលើនេះ ជាកិច្ចព្រមព្រៀងលក់ និងទិញឧស្ម័ន LNG ក្នុងបរិមាណសរុប៤លានតោនក្នុងមួយឆ្នាំ។

យោងតាមឯកសារដាច់ដោយឡែកមួយ ដែលបានបង្ហោះលើគេហទំព័ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បង្ហាញថា ក្រុមហ៊ុន Venture Global ក៏បានចុះកិច្ចព្រមព្រៀងទី៣ មួយទៀតជាមួយក្រុមហ៊ុន Unipec ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sinopec ផងដែរដើម្បីផ្គត់ផ្គង់ឧស្ម័ន LNG ចំនួន១លានតោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំដោយចាប់ផ្តើមពីថ្ងៃទី០១ មីនា ឆ្នាំ២០២៣។

ទោះជាយ៉ាងណា ក្រុមហ៊ុន Sinopec បានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញរឿងនេះ ចំណែកក្រុមហ៊ុន Venture Global មិនអាចទាក់ទងបានព្រោះផុតម៉ោងធ្វើការ៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here