រដ្ឋាភិបាលស្នើឱ្យក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃវិនិយោគលើគម្រោងសាងសង់

0

ដោយៈ សុផារី

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានស្នើក្រុមហ៊ុនអាមេរិកធំៗ ចូលររួមវិនិយោគលើគំរោងហេដ្ឋារចនាសម្ព័​ន្ឋនានា​នៅកម្ពុជា។

លោកបានថ្លែងក្នុងជំនួបការងារ ជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ដឹកនាំដោយលោក Ted Oslus ប្រធានក្រុមប្រឹក្សា ដោយមានការចូលរួមអមដំណើរពីតំណាងមកពីក្រុមហ៊ុនចំនួន១៣ ដែលជាសមាជិករបស់ក្រុមប្រឹក្សា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

ក្នុងជំនួបនេះ លោកបានលើកឡើងអំពីវឌ្ឍនភាពការងារ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសគម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ពីពីរគន្លងទៅបួនគន្លង និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ក្រចេះ) គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម) គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅពេលកម្ពុជាបើកប្រទេសសារជាថ្មីឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

លោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការចូលរួមវិស័យឯកជន នៅក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ និងបានស្នើឱ្យក្រុមហ៊ុនអាមេរិក ចូលរួមដេញថ្លៃវិនិយោគ លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ កន្លងមក មិនទាន់មានក្រុមហ៊ុនរបស់អាមេរិកណាមួយចូលរួម ដេញថ្លៃគម្រោងសាងសង់នៅឡើយទេ សូម្បីតែផ្លូវជាតិលេខ៤ ដែលអាមេរិកបានសាងសង់កាលពីទសវត្សរ៍ឆ្នាំ៦០ក៏ដោយ។

បន្ថែមពីលើនេះ លោកបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនរបស់អាមេរិកចូលរួម ក៏ដូចជាដាក់ទុនវិនិយោគ នៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឱ្យមានគុណភាពរឹងមាំ។

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកទេសរដ្ឋមន្ត្រី និងបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here