ដោយៈសុខុម
អន្តរជាតិៈ ក្រុមអ្នកវិភាគនៅក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុអាមេរិក Morgan Stanley បានព្យាករថា លោក Elon Musk ដែលបច្ចុប្បន្នជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភលោក ជាមួយទ្រព្យសម្បត្តិប្រមាណ២៤២ពាន់លានដុល្លារអាមេរិក នឹងក្លាយជាកំពូលមហាសេដ្ឋីទ្រីលានដុល្លារ (Trillionaire) ដំបូងគេបង្អស់ដោយសារក្រុមហ៊ុនរុករកអវកាស SpaceX របស់លោក។
យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ តុលានេះបានឱ្យដឹងថា សន្ទស្សន៍មហាសេដ្ឋី Bloomberg Billionaires Index បង្ហាញថា លោក Elon Musk មានទ្រព្យសម្បត្តិច្រើនជាងលោក Jeff Bezos ថៅកែរបស់ក្រុមហ៊ុន Amazon ប្រហែល៤២ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន Morgan Stanley កាលពីថ្ងៃពុធ ទី២០ តុលា បានប៉ាន់ប្រមាណថា ក្រុមហ៊ុន SpaceX ដែលកាន់កាប់ដោយឯកជន អាចមានតម្លៃ២០០ពាន់លានដុល្លារ ហើយនៅអាចកើនឡើងកាន់តែខ្ពស់ លើវិស័យឧស្សាហកម្ម ដែលមានសក្តានុពលនានារួមទាំងហេដ្ឋារចនាសម្ព័ន្ធអវកាស ការអង្កេតមើលភពផែនដី និងការរុករកជ្រៅទៅក្នុងលំហអាកាសផងដែរ។
ក្រុមហ៊ុនដដែលបានបន្ថែមទៀតថា “អតិថិជនលើសពីម្នាក់បានប្រាប់យើងថា ប្រសិនបើលោក Elon Musk ក្លាយជាមហាសេដ្ឋីទ្រីលានលានដុល្លារ ដំបូងគេបង្អស់របស់ពិភពលោក វានឹងមិនមែនដោយសារតែក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី Tesla របស់លោកឡើយ។ អ្នកផ្សេងទៀតនិយាយថា នៅទីបំផុតក្រុមហ៊ុន SpaceX អាចនឹងក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុត លើពិភពលោកនៅក្នុងឧស្សាហកម្មទាំងអស់”។
ក្រុមហ៊ុននេះ បានបន្ថែមទៀតថា រ៉ុក្កែត Starship ដែលអាចប្រើឡើងវិញបានរបស់ក្រុមហ៊ុន SpaceX ដែលអាចបញ្ជូនមនុស្ស និងទំនិញទៅកកាន់ភពព្រះចន្ទ និងភពផ្កាយព្រះអង្គារ មានសក្តានុពលធ្វើឱ្យបណ្ដាវិយោគិនបោះទុនកាន់តែច្រើន ជុំវិញឧស្សាហកម្មអវកាស។
ក្រុមហ៊ុន SpaceX មានតម្លៃ១០០ពាន់លានដុល្លារ នៅក្នុងការលក់ភាគហ៊ុនបន្ទាប់បន្សំនៅខែនេះ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនឯកជនធំជាងគេទី២ នៅលើពិភពលោកបន្ទាប់ពីក្រុមហ៊ុនអ៊ីនធឺណិត ByteDance។ ហើយលោក Elon Musk កាន់កាប់ភាគហ៊ុនប្រហែល៤៨%នៃក្រុមហ៊ុន SpaceX៕ The Edge Markets៕