ដោយៈ សុផារី
សៀមរាបៈ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រីKAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) បានចុះហត្ថលេខា តាមប្រព័ន្ធ Video Conference លើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប (Siem Reap Water Supply Expansion Project- II) ក្នុងទឹកប្រាក់ចំនួន ៦៣៣៦ លានយ៉េនជប៉ុន (ប្រមាណ៥៨លានដុល្លារអាមេរិច)។
គម្រោងនេះ មានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៦ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប ក្នុងនោះមានការសាងសង់ ប្រព័ន្ធបណ្ដាញស្ថានីយបូមទឹក សាងសង់ប្រព័ន្ធចែកចាយទឹក និងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត។ គម្រោងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋទូទាំងក្រុងសៀមរាប ទាំងមូល។
-->
កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានៅពេលនេះ គឺជាឯកសារគតិយុត្តមួយទៀត បន្តពីលិខិតប្ដូរសារដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កន្លងទៅរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
សមិទ្ធផលដែលទទួលបានពីគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យសម្រេច “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ” លើវិស័យផ្គត់ផ្គង់ទឹកស្អាត តាមរយៈការគាំទ្ររដ្ឋករទឹកស្វយ័តសៀមរាប ដែលឆ្លើយតបយ៉ាងជាក់លាក់ ទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់កម្ពុជា ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្របទៅនឹងមុំទី១ នៃចតុកោណទី៤ ដូចមានចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនាមជាដៃគួរអភិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រដ្ឋាភិបាលជប៉ុនតាមរយៈ JICA តែងតែប្រកាន់ខ្ជាប់នូវវិធីសាស្រ្តអភិវឌ្ឍ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងពង្រីកភាពជាដៃគូជាយុទ្ធសាស្ត្ររយៈពេលវែង ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍គម្រោងដ៏សំខាន់នេះ។ លោកស្រីក៏បានឲ្យដឹងផងដែរថាJICA បានបន្តជួយដល់ រដ្ឋករទឹកស្វយ័តសៀមរាប តាមរយៈគម្រោងមួយទៀត គឺគម្រោងលើកកម្ពស់សេវាទឹកស្អាតនិងអនាម័យដើម្បីទប់ស្កាត់ជំងឺកូវី19ផងដែរ ដែលជាគម្រោងសហប្រតិបត្តិការបច្ចេកទេសក្នុងគ្រាអាសន្ន ហើយគម្រោងនេះនឹងផ្ដល់ជាសម្ភារៈ និងសាធាតុគីមីសម្រាប់ផ្គត់ផ្គង់ទឹកស្អាត ដែលធានាគុណភាពទឹក ស្របតាមស្តង់ដារគុណភាពថ្នាក់ជាតិក្នុងបរិបទនៃជំងឺកូវីដ 19។
ចូលរួមក្នុងពិធីនោះនាព្រឹកថ្ងៃទី២១ តុលានេះលោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនតាមរយៈ JICA ដែលកន្លងមកតែងតែយកចិត្តទុកដាក់រួមសុខទុក្ខជាមួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសស្ថិតក្នុងបរិការណ៍ នៃការរីករាលដាលនៃជំងឺកូវី19 ដែលថ្មីៗនេះរដ្ឋាភិបាលជប៉ុន តែងតែបានបន្តសន្យាផ្ដល់ហិរញ្ញប្បទាន ឥតសំណង ដែលមានទឹកប្រាក១៦០០លានយ៉េន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដើររាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពទាំងនេះ គឺជាសក្ខីភាពប្រកបដោយកាយវិការដ៏ប្រពៃ និងសមានចិត្តដ៏ថ្លៃថ្លារបស់ភាគីមិត្ត ជាពិសេសការជឿទុកចិត្តនិងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ៕