ក្រុមហ៊ុនលំដាប់យក្ស PTT ដែលកំពុងវិនិយោគនៅកម្ពុជា និងប្រទេសជាច្រើនគ្រោងបោះទុនវិនិយោគ២២ពាន់លានដុល្លារ

0

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុន PTT កំពុងបោះទុនវិនិយោគ នៅប្រទេសជាច្រើនក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា តាមរយៈការបើកស្ថានីយប្រេងឥន្ធនៈ PTT និងហាងកាហ្វេអាម៉ាហ្សូន (Café Amazon) ដ៏ល្បីល្បាញពាសពេញផ្ទៃប្រទេស ពេលនេះក្រុមហ៊ុនយក្សរបស់ថៃ មួយនេះបានទម្លាយផែនការបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់។

ក្រុមហ៊ុន PTT Global Chemical Pcl (PTTGC) ដែលជាបុត្រសម្ព័ន្ធរបស់ PTT Pcl បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២១ តុលា នេះថា ខ្លួនមានគម្រោងបោះទុនវិនិយោគរហូតដល់ទៅ២២ពាន់លានដុល្លារអាមេរិក នៅរយៈពេល៣ទសវត្សរ៍ក្រោយ ដើម្បីសម្រេ​ចគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន ឱ្យមកនៅកម្រិតសូន្យត្រឹមឆ្នាំ២០៥០។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។

លោក Kongkrapan Intarajang នាយកប្រតិបត្តិក្រុមហ៊ុន PTTGC បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា “យើងនឹងបោះទុនវិនិយោគ៥ពាន់លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយផ្ទាល់ និង១៧ពាន់លានដុល្លារអាមេរិក ទៀតលើការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ”។

លោកបានបន្ថែមថា ការវិនិយោគនេះ នឹងរួមបញ្ចូលទាំងការបង្កើនប្រសិទ្ធភាព ការស្តុកថាមពល និងបច្ចេកវិទ្យាចាប់ឧស្ម័នកាបូនផងដែរ។

លោកគូសបញ្ជាក់ថា “អាជីវកម្មថ្មីៗរបស់ក្រុមហ៊ុនលោក នឹងជាអាជីវកម្មដែលបំ​ភាយឧស្ម័នកាបូនទាប ហើយថាក្រុមហ៊ុននេះ នឹងទទួលបានកំណើនប្រមាណ៤ភាគរយក្នុងរយៈពេល៥ទៅ៦ឆ្នាំខាងមុខ”។

កាលពីខែកក្កដា កន្លងទៅ ក្រុមហ៊ុននេះបានទិញយកក្រុមហ៊ុន ផលិតថ្នាំកូតជ័រអាល្លឺម៉ង់ Allnex ក្នុងតម្លៃ៤.៧៥ពាន់លានដុល្លារអាមេរិក។

ឆ្នាំនេះក្រុមហ៊ុន PTTGC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ PTT Pcl បានបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) និងឧស្ម័នកាបូនឌីអុកស៊ីត (CO2) សរុបប្រមាណ៨លានតោន ហើយនឹងឈានដល់៩.១លានតោននៅឆ្នាំ២០២៥។

ទោះជាយ៉ាងណា លោក Kongkrapan Intarajang បានគូសបញ្ជាក់ថា “ក្រុមហ៊ុននឹងកាត់បន្ថយការបំភាយឧស្ម័ន២០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ហើយនឹងកាត់បន្ថយ   ឱ្យមកនៅកម្រិតសូន្យភាគរយ នៅត្រឹមឆ្នាំ២០៥០”៕  Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here