ដោយៈ សុផារី
ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត១៦០០លាន SDR គឺមានការកើនឡើង១០០លាន SDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។
ការកំណត់នេះ ដោយឈរលើមូលដ្ឋាននៃការគិតគូរ និងផ្អែកលើទិដ្ឋភាពសំខាន់ៗ រួមមាន: ទី ១. តម្រូវការវិនិយោគសាធារណៈ ដែលមានទំហំកាន់តែធំ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលមានការរីករាលដាល នៃជំងឺកូវីដ១៩ ស្រាកស្រាន្ត។ ទី២ គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ក្នុងឆ្នាំ២០២១ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព ហើយចេះតែរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្ត្រ ក្នុងការទ្រទ្រង់ដល់ចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមនិងវែង។