ដោយៈ លក្ខិណា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសផ្តល់ទិដ្ឋាការឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ ចូលមកទស្សនាកម្ពុជាឡើងវិញហើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២២ តុលា២០២១នេះឱ្យដឹងថា យោងលើការវិវឌ្ឍកាន់តែប្រសើរឡើងនៃស្ថានភាព ទប់ទបល់នឹងជំងឺកូវីដ១៩ នៅកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្ដើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី ដោយបានសម្រួលលក្ខខណ្ឌ គោលការណ៍នៃការផ្ដល់ទិដ្ឋាការ និងរបបនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកកម្ពុជា។
១.បើកឱ្យមានការផ្ដល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដែលត្រូវបានផ្អាក ក្រោយវិបត្តិនៃជំងឺកូវីដ១៩ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរទូទៅ និងដាក់ឱ្យដំណើរការឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ ។
២.ដាក់ដំណើរការឡើងវិញ នូវការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីសម្រួលដល់អ្នកដំណើរ ក្នុងការស្នើសុំទិដ្ឋាការចូលមកកម្ពុជា ប៉ុន្តែនៅបន្តផ្អាកការផ្ដល់ទិដ្ឋាការនៅពេលមកដល់។
៣. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានកែសម្រួលលក្ខខណ្ឌធ្វើដំណើរការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី តាមរយៈសេចក្តីជូនដំណឹងលេខ ៤៥៣ សខលចុះថ្ងៃទី១៦ ខែតុលា២០២១ ដូចមានជូនភ្ជាប់ជាភាសាខ្មែរ និងអង់គ្លេស ។
ប្រតិបត្តិករទេសចរជាច្រើន ក៏បានត្រៀមរៀបចំរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ក្នុងនោះក្រសួងទេសចរណ៍កម្ពុជា ក៏បានបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ជាបន្តបន្ទាប់មកហើយដែរ ដើម្បីមានសមត្ថភាពក្នុងការទទួលទេសចរ អន្តរជាតិ។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ប្រតិបត្តិករទេសចរកម្ពុជាជាច្រើននៅកម្ពុជា បានត្រៀមខ្លួនរួចហើយ ក្នុងការបើកដំណើរការអាជីវកម្មឡើងវិញ ជាមួយនឹងការរស់នៅតាមបែបផែនគន្លងថ្មី។ ការបើកដំណើរការអាជីវកម្មឡើងវិញនេះដែរ នឹងជួយដល់ម្ចាស់អាជីវកម្មជាច្រើ នដែលបានរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ អស់រយៈពេលជិត២ឆ្នាំមកហើយ ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ២០២១៕